សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតចូលរួមអបអរសាទរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្ញើសារលិខិតអបអរសាទរ សម្តេចក្រឡាហោម​ ស​ ខេង​ ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ​ ដែលសារលិខិតនោះមានខ្លឹមសារថា​ «ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លាឧត្តុង្គឧត្តម ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើន​ជន្មាយុ សម្ដេច​​​ក្រឡា​ហោ​ម ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃ.ពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខ្ញុំ និង សហការី នៃកាក​​បាទ​​​ក្រហមកម្ពុជា សូមចូលរួមសម្តែងនូវ​ក្តី​​អំណរ​សាទរដោយស្មោះអស់ពីដួងចិត្ត និងជូននូវ​សព្ទ​សា​ធុ​កា​រ​ពរជ័យ សិរីមង្គល វិបុល​សុខមហា​ប្រសើរគ្រប់​ប្រការ សូម​បាន​​ប្រកប​ដោយ​សុខភាព​ល្អ​បរិបូរ កម្លាំងមាំមួន បញ្ញា​ភ្លឺថ្លា​វាងវៃ ជន្មាយុ​យឺន​យូរ។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមកោតសសើរ ចំពោះ សម្ដេចក្រឡាហោម ​ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី ដែល​បាន​​​ខិតខំ​ប្រឹង​ប្រែង​​​​​​លះបង់​​អស់​កម្លាំង​កាយ ចិត្ដ ប្រាជ្ញា ស្មារតី ពេលវេ​លា និងបទពិសោធន៍ប្រកប​ដោយ​គតិបណ្ឌិត សក្តានុ​ព​ល ឧត្តមភាព ​​ក្នុងការដឹកនាំ​ស្ថាប័នក្រសួងមហាផ្ទៃ មានការអភិវឌ្ឍទទួលបានជោគជ័យ​ត្រចះ​ត្រចង់​ជាបន្តបន្ទាប់ ទប់ស្កាត់បាននូវសកម្មភាពភេរវកម្ម បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់ប្រភេទ ជាពិសេសទប់​ស្កា​ត់បានឧបាយកលទុច្ចរិតដើម្បីផ្តួ​លរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ ចូលរួម​ធ្វើឲ្យប្រទេសកម្ពុជារក្សាបាននូវ​ខឿន​សន្តិសុខជាតិរឹងមាំ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍ និង​សុវត្ថិភាពសង្គមត្រូវបានធានា ប្រជាពលរដ្ឋរស់នៅប្រកបរបរចិញ្ចឹមជីវិតដោយភាពកក់ក្តៅ លប់បំបាត់​បាន​ភាពអសកម្ម ធ្វើឲ្យប្រជាពលរដ្ឋ​មានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា។

យើងខ្ញុំ សូមឧទ្ទិសបួងសួងដល់​គុណ​បុណ្យ​​ព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោ​ក ទេវតាថែរ​ក្សា​​ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូម​លោក​អភិបាល​ប្រោះ​ព្រំ​ប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ​មហាប្រសើរ ជូន សម្ដេច​ក្រឡា​ហោម​ ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី និង លោកជំ​ទាវ ព្រមទាំង​បុត្រា បុត្រី បុត្រ​ប្រសា ចៅៗ ជាទី​ស្រឡាញ់ សូមបាន​ប្រកប​ដោយ​ព្រះពុទ្ធ​ពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាតឡើយ។»

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតអបអរសាទររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញេីជូន​ សម្តេចក្រឡាហោម​ ស​ ខេង​៖