ស្ថានទូតចិនប្រចាំកម្ពុជា៖ ការនាំចូលឧស្ម័នធម្មជាតិរាវពីចិនមកកម្ពុជា ជាលើកដំបូង ជួយបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការប្រើប្រាស់ថាមពលប្រកបដោយការការពារបរិស្ថាន


(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជា ផ្សព្វផ្សាយពីភាពជោគជ័យ របស់នាវាដឹកជញ្ជូនឧស្ម័នធម្មជាតិ (LNG) មកកាន់ប្រទេសកម្ពុជា តាមកំពង់ផែ ខេត្តព្រះសីហនុ។

ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ជាលើកដំបូងនៅកម្ពុជានេះ ត្រូវបានស្ថានទូតចិនចាត់ទុកថា ជាបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការប្រើប្រាស់ថាមពល ដែលប្រកបដោយការការពារបរិស្ថានក្នុងកម្ពុជា។

ការនាំចូលឧស្ម័នធម្មជាតិរាវនេះ ជាការសហការដោយក្រុមហ៊ុន២ គឺក្រុមហ៊ុន CNOOC Gas Power Group Co., Ltd ក្នុងប្រទេសចិន និងក្រុមហ៊ុន Cambodian Natural Gas Co., Ltdក្នុងប្រទេសកម្ពុជា។

Facebook ស្ថានទូតចិនបានចុះផ្សាយទាំងស្រុងយ៉ាងដូច្នេះថា «ជើងនាវាកុងតឺន័រដែលបានដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) ចំនួន៥ធុង ដែលបានចេញដំណើរពីកំពង់ផែភាគខាងជើងនៃប្រទេសចិន បានមកដល់កំពង់ផែក្រុងព្រះសីហនុប្រទេសកម្ពុជានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ឋ ហើយនេះជាលើកដំបូងដែលប្រទេសចិន បាននាំចេញឧស្ម័នធម្មជាតិ ទៅកាន់ប្រទេសកម្ពុជាយ៉ាងជោគជ័យ ដោយតាមរយៈកិច្ចសហការគ្នារវាង ក្រុមហ៊ុន CNOOC Gas Power Group Co., Ltd ក្នុងប្រទេសចិន និងក្រុមហ៊ុន Cambodian Natural Gas Co., Ltdក្នុងប្រទេសកម្ពុជា។

ស្ថិតនៅក្រោមការដឹកនាំនៃថ្នាក់ដឹកនាំទាំងពីរប្រទេស គោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» ត្រូវបានកសាងកាន់តែស៊ីជម្រៅ និងជោគជ័យដោយចិន និងកម្ពុជា។ ក្រុមហ៊ុន CNOOC Gas Power Group Co., Ltd បានចាប់យកឱកាសថ្មីនៃ «ការចេញទៅក្រៅប្រទេស» ក៏បានសម្រេចនូវគម្រោងយុទ្ធសាស្ត្រ ក្នុងអាស៊ីអាគ្នេយ៍ ឯក្រុមហ៊ុនCambodian Natural Gas Co., Ltd បានសម្រេចនូវកិច្ចការ ដែលបានត្រៀមក្នុងដំណាក់កាលនៃការរក្សាទុក ការដឹកជញ្ជូន និងការលក់ជាដើម ដោយផ្អែកលើសមត្ថភាពជំនាញនៃក្រុមហ៊ុន CNOOC Gas Power Group Co., Ltd។

ភាគីទាំងពីរក៏បានចាប់ដៃគ្នា សម្រេចបាននូវការប្រើប្រាស់ឧស្ម័នធម្មជាតិរាវ (LNG) លើកដំបូងក្នុងប្រទេសកម្ពុជា បានចូលរួមបំពេញចន្លោះទីផ្សារថាមពលក្នុងកម្ពុជា នឹងជួយបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការប្រើប្រាស់ថាមពលដែលប្រកបដោយការការពារបរិស្ថានក្នុងកម្ពុជា»