Google ស្វែងរកឱកាសវិនិយោគ លើវិស័យបច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍នៅកម្ពុជា


ក្រុមហ៊ុន Googleស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យបច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍​​​​​ ICT នេះបើតាមទំព័រហ្វេសបុគក្រសួងពាណិជ្ជកម្ម។

នៅថ្ងៃទី ២៣ ខែមករាឆ្នាំ២០១៧នេះ ឯកឧត្តម សុខ សុភ័ក្រ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមហ៊ុន Google កំពុងតែចាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍នៅកម្ពុជា ស្របពេលដែលក្រសួងពាណិជ្ជកម្ម កំពុងតែរៀបចំបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ។

ជាមួយគ្នានេះដែរ លោកស្រី Marian Croak អ្នកប្រតិបត្តិជាន់ខ្ពស់ របស់ក្រុមហ៊ុន Google​បានសង្កត់ធ្ងន់ផងថា ក្រុមហ៊ុន Google នឹងសន្យាផ្តល់ជំនួយបច្ចេកទេស និងបន្តធ្វើការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញវិស័យបច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍នេះ ឲ្យមានការរីកចម្រើន ដែលនេះជាផ្នែកមួយនៃការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម។

គួរបញ្ជាក់ផងដែរថា កន្លងមក កម្ពុជានៅមានបញ្ហាជាច្រើន នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍ រួមមានបញ្ហាធនធានមនុស្សមានកម្រិត កង្វះហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស ដើម្បីពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលនយោបាយលើវិស័យ ICT គ្រប់កម្រិត៕