អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រេចផ្លាស់ប្តូរប្រធានបទសន្និសីទសារព័ត៌មាន ដែលនឹងរៀបចំឡើង នៅព្រឹកថ្ងៃស្អែកនេះ


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ សម្រេចផ្លាស់ប្តូរប្រធានបទនៃសន្និសីទសារព័ត៌មាន ដែលនឹងរៀបចំឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ស្អែកនេះ។

ដំបូងឡើយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានកំណត់យកប្រធានបទ ស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ប៉ុន្តែដោយការងារអាទិភាព និងតម្រូវការជាក់ស្តែងនោះ ត្រូវឲ្យប្តូរប្រធានបទថ្មី ស្តីពី «វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី» ជំនួសវិញ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្និសីទនេះមានទិសដៅ និងគោលបំណង ដើម្បីបង្ហាញជូនសាធារណជនឲ្យបានដឹង និងបានយល់ពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងសុខាភិបាល ក្នុងកិច្ចបម្រើរាស្ត្រ ឈានទៅការទាញយកបាននូវការជឿទុកចិត្ត និងចូលរួមគាំទ្រ ទាំងស្រុងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សន្និសីទនេះ ក៏មានបំណងបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបច្បាស់ពីបច្ចុប្បន្នភាព និងវិធានការបង្ការជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារសុខភាពពីជំងឺឆ្លងនេះ។

សម្រាប់វាគ្មិនដែលនឹងចូលរួមក្នុងសន្និសីទនេះ គឺលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល៕