អាជ្ញាធរខេត្តប៉ៃលិន គ្រោងស្តារប្រឡាយរំដោះទឹក នៅស្រុកសាលាក្រៅ ដើម្បីបង្ការជំនន់ទឹកភ្លៀងនារដូវវស្សា


(ប៉ៃលិន)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យមើលប្រឡាយ ដែលគ្រោងស្តារ ដើម្បីរំដោះទឹក បង្ការជំនន់ទឹកភ្លៀងនារដូវវស្សា ស្ថិតនៅក្នុងឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងបានធ្វើការសម្របសម្រួលផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ប្រឡាយផងដែរ។

 ឯកឧត្តម ផាន់ ចាន់ធុល បានលើកឡើងថា «កន្លងមកនៅតំបន់នេះ ឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ គឺបណ្តាលឱ្យជនលេចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីប្រឡាយ បង្ហូរទឹកតូចចង្អៀត និងរាក់ ហើយកត្តាខ្លះ បណ្តាលមកពីប្រជាពលរដ្ឋមួយចំនួនតូច បានចាក់ដីរំលោភលុបលើប្រឡាយបណ្តាលឱ្យស្ទះទឹក»។

 ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលសង់លំនៅឋានតាមមាត់ប្រឡាយ សូមចូលរួមជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ក្នុងស្មារតីយោគយល់អធ្យាស្រ័យ ដើម្បីធ្វើយ៉ាងណាឱ្យផែនការនៃការស្តារប្រឡាយរំដោះទឹកនេះ ទទួលបានភាពជោគជ័យ ពិសេសរំដោះទឹកជំនន់ នៅរដូវវស្សាអោយបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវ៉ាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងឆាប់រហ័ស។

បើតាមការបញ្ជាក់របស់លោក អ៊ាត សារ៉ាត់ ប្រធានសាធារណការ និងជញ្ជូនខេត្ត ការងារស្តារ និងសម្អាតប្រឡាយនេះ មានចំនួន ២ចំណុចប្រវែងសរុប ៤៩០ម៉ែត្រ និងប្រពន្ធលូមូលរំដោះទឹកតាមបណ្តោយផ្លូវជាតិលេខ ៥៩អង្កត់ ១ម៉ែត្រ ចំនួន ២ជួរ និងមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋចំនួន ១៧គ្រួសារ៕