សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០


នាព្រឹកថ្ងៃ ពុធ ៨ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅបន្តឆ្នាំ ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា និងក្រុមកាកបាទក្រហមតាមមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើននាក់ នៅសាលប្រជុំ អគារ B សាលាខេត្តរតនគិរី ។

កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗរួមមាន៖
១. ឆ្លងរបាយការណ៍សកម្មភាព ២០១៩ និងទិសដៅបន្ត ២០២០
២.ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ២០១៩
៣. ពិនិត្យ និងអនុម័តលើផែនការសកម្មភាព៦ឆ្នាំ( ២០១៩-២០២៥) និងផែនការ១ឆ្នាំ ២០២០
៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តី សម្រេចនិង ការប្រព្រឹត្តិទៅរបស់សាខាអាណត្តិទី៥( ២០១៩-២០២៥)
៥.ការសម្ពោធអាគារអនុសាខាស្រុកកូនមុំ និង រៀបចំប្លង់ដីអនុសាខាស្រុកអូរជុំ។

មានប្រសាសន៍សំណេះសំណាលបើកកិច្ចប្រជុំ ឯកឧត្តម ថង សាវុន បានលើកឡើងថានៅក្នុង
អាណត្តិទី៥នេះក្នុងនាមប្រធានសាខាកាកបាទ ក្រហមកម្ពុជាខេត្តខេត្តរតនគិរីសូមថ្លែងអំណរ
គុណចំពោះថ្នាក់ដឹកនាំ គ្រប់មន្ទីរអង្គភាពទាំងអស់ និងអនុសាខាក្រុងស្រុក ដែលបានខិតខំប្រឹងប្រែងធ្វើការងារបានល្អ និងចូលរួមវិភាគទានគាំទ្រដល់ដំណើរការអនុវត្តសកម្មភាព របស់មនុស្សធម៌ ជួយសម្រាលទុក្ខលំបាកដល់ជនងាយរងគ្រោះ និងរងគ្រោះផ្សេងៗបាន ពេលវេលារយៈពេល១ឆ្នាំកន្លងមក។ ដូច្នេះដើម្បីបន្តបេសកម្មមនុស្សធម៌របស់សាខា ក្នុងអាណត្តិទី៥នេះ អោយកាន់តែមានប្រសិទ្ធិភាព យើងទាំង
អស់គ្នាត្រូវរួមគ្នាដោយស្ម័គ្រចិត្តលើការងារ មនុស្សធម៌ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម រួមមាន ភាពមនុស្សធម៌ភាព មិនលំអៀង អព្យាក្រឹតភាព សេវាកម្មស្ម័គ្រចិត្ត ឯករាជ្យភាព ឯកភាព និងសាកលភាព។
បន្ទាប់មក អង្គប្រជុំបាន ដំណើការប្រជុំពិនិត្យកែសម្រួលខ្លឹមសារ និងអនុម័តលើឯកសារ សំខាន់ៗទៅតាមរបៀបវារៈទទួលបានជោគជ័យ តាមផែនការដែលបានគ្រោងទុក៕