ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា៖ រដ្ឋាភិបាលស្វីស នឹងបន្តផ្តល់ហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា


លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីសប្រចាំកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលស្វីស នឹងបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសលើការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ, កសិកម្ម និងសន្តិសុខស្បៀង និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី Helene Budliger Artieda ជួបពិភាក្សាការងារ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

លោកស្រី Helene Budliger Artieda ក៏ជាឯកអគ្គរដ្ឋទូត នៃប្រទេសស្វីសប្រចាំប្រទេសថៃ និងឡាវផងដែរ ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក។

នៅក្នុងជំនួបពិភាក្សានោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះលោកស្រី Helene Budliger Artieda ដែលត្រូវបានរដ្ឋាភិបាលសហព័ន្ធស្វីស តែងតាំងជាឯកអគ្គរដ្ឋទូត នៃប្រទេសស្វីសប្រចាំកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល ប្រជាជន និងផ្នែកឯកជនស្វីស ដែលបាននិងបន្តផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា រួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ជាក់ស្តែង, មន្ទីរពេទ្យគន្ធបុប្ផា ដែលមានលោកវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិក គឺជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន និងរដ្ឋាភិបាលស្វីស។ មន្ទីរពេទ្យនេះ បានជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់ តាមរយៈការផ្តល់សេវាសុខាភិបាលប្រកបដោយស្តង់ដារ ការយកចិត្តទុកដាក់ខ្ពស់ពីគ្រូពេទ្យ និងព្យាបាលដោយឥតគិតថ្លៃ។

លោកស្រី Helene Budliger Artieda បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងការលូតលាស់ លើគ្រប់វិស័យនៅក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងមកនេះ។

ដោយមើលឃើញ ពីសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា សភាពាណិជ្ជកម្មស្វីសដែលមានមូលដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ មានបំណងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនៃ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្វែងរកកាលានុវត្តភាពក្នុងការ ដាក់ទុនវិនិយោគនៅកម្ពុជា។

លោកស្រីឯកអគ្គរដ្ឋទូតស្វីស ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលស្វីស នឹងបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស លើការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ, កសិកម្ម និងសន្តិសុខស្បៀង, និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ បច្ចុប្បន្ន ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) កំពុងពិនិត្យលទ្ធភាពអនុវត្តគម្រោងអភិវឌ្ឍន៍ ជាច្រើនទៀតនៅកម្ពុជា។

ជាមួយគ្នានេះ, បន្ទាប់ពីបានបំពេញទស្សនកិច្ច នៅមន្ទីរពេទ្យគន្ធបុប្ផា និងជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំគ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យ និងអ្នកជំងឺនៅទីនោះ លោកស្រីឯកអគ្គរដ្ឋទូតស្វីស មានសេចក្តីសោមនស្សរីករាយ ដោយបានឃើញស្ថានភាពជាក់ស្តែង នៃការផ្តល់សេវារបស់មន្ទីរពេទ្យគន្ធបុប្ផា មានភាពល្អប្រសើរ។

លោកស្រីឯកអគ្គរដ្ឋទូតស្វីស មានសេចក្តីរីករាយ ដោយបានឃើញការខិតខំ ជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជួយមន្ទីរពេទ្យគន្ធបុប្ផា ឲ្យមន្ទីរពេទ្យនៅបន្តរក្សាបាន នូវការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព និងដោយឥតគិតថ្លៃ ដូចកាលពីស្ថិតក្រោមការដឹកនាំ របស់លោកវេជ្ជបណ្ឌិត Beat Richner ដែរ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបលោកស្រី ឯកអគ្គរដ្ឋទូតស្វីសថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួង-ស្ថាប័ននានា នៃរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការមកបំពេញ ទស្សនកិច្ច នៅកម្ពុជារបស់គណៈប្រតិភូសភាពាណិជ្ជកម្មស្វីស។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកផ្នែកឯកជន គឺជាក្បាល ម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូក្នុងការអភិវឌ្ឍ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ សំដៅកែលម្អបរិស្ថានវិនិយោគ, ធ្វើពិពិធកម្មសេដ្ឋកិច្ច, និងពង្រឹងភាពប្រកួតប្រជែង របស់កម្ពុជា ដើម្បីទាក់ទាញនូវការវិនិយោគ។

ពាក់ព័ន្ធនឹងមន្ទីរពេទ្យគន្ធបុប្ផា, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាប្រធានកិត្តិយស មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ លើមន្ទីរពេទ្យគន្ធបុប្ផា ដោយបានផ្តល់វិភាគទានថវិការដ្ឋ ថវិកាផ្ទាល់ខ្លួន និងកៀរគរថវិកាពីសប្បុរសជន សម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យនេះ សំដៅឲ្យមន្ទីរពេទ្យបន្ត ផ្តល់សេវាសុខាភិបាលជូនកុមារកម្ពុជា ប្រកបដោយគុណភាព និងដោយឥតគិតថ្លៃសម្រាប់ រយៈពេលវែងតទៅមុខទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនស្វីស ដែលបាននិងបន្តជួយឧបត្ថម្ភ គាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរឲ្យលោកស្រី Helene Budliger Artieda បំពេញបេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ៕