ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម៖ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនថ្នាក់ខេត្តទាំងអស់ ត្រូវធ្វើអំពើល្អ និងខំដោះស្រាយបញ្ហារបស់សមាជិក


(កណ្តាល)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់ខេត្តទាំងអស់ ត្រូវតែបន្តធ្វើនូវអំពើល្អ ហើយខិតខំឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការផ្តល់សេវា និងដោះស្រាយ រាល់ទុក្ខលំបាករបស់សមាគមអតីតយុទ្ធជន។

ការថ្លែងជំរុញបែបនេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ក្នុង ឱកាស ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជាអធិបតីក្នុងកិច្ចកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល និងទិសដៅការងារបន្ត របស់សមាគមអតីតយុទ្ធជនកម្ពុជា នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ជាពិសេសតាមរយៈការចុះជួបសំណេះសំណាល ជាបន្តបន្ទាប់កន្លងមក បានធ្វើឲ្យសមាជិកសមាគមទាំងអស់សប្បាយរីករាយ ហើយយោគយល់ ចំពោះការលំបាក ខ្វះខាត របស់សមាគម។

អគ្គលេខាធិការរូនេះ បានថ្លែងយ៉ាងដូច្នេះថា «ជាទូទៅបងប្អូនបានសម្តែងការពេញចិត្តពេញថ្លើម ចំពោះសកម្មភាពដ៏មមាញឹករបស់សមាគម រួមទាំងបានសាទរ ចំពោះចំណាត់ការថ្មីៗ ជាច្រើនទៀត ក្នុងគោលដៅបម្រើផលប្រយោជន៍ពិតៗ របស់អតីតយុទ្ធជនយើង»

បើទោះបីជាយ៉ាងណា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ពង្រឹងសកម្មភាព សមាគមឲ្យបានជាប់ជាប្រចាំ។ ពិសេស ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន តាមគ្រួសារនីមួយៗ ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងជួយអន្តរាគមន៍ដោះស្រាយទុក្ខកង្វល់បងប្អូន ដែលជាសមាជិក។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងជំរុញដូច្នេះ ទន្ទឹមនេះទាំងលោកមេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាពឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ។ ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវបញ្ជូនមកអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូន។ ជាមួយនោះ ត្រូវបំផុសចលនាប្រឡងប្រណាំង៣ពូកែ ក្នុងជួរសមាជិកសមាគម ហើយជ្រើសរើសអ្នកមានស្នាដៃឆ្នើម ដើម្បីសរសើរ ជូនរង្វាន់ និងចលនាជួយឧបត្ថម្ភគ្នាក្នុងឋានៈជាសមាជិកដូចគ្នា។

យោងតាមការធ្វើបច្ចុប្បន្នភាពជាក់ស្តែង សមាគមអតីតយុទ្ធជនបានសហការជាមួយ ស.អ.ក. រាជធានី-ខេត្ត ក្នុងការបង់ថវិកាភាគទាន និងថវិកាបេឡាមរណសង្រ្គោះ ស.អ.ក បានទាន់ពេលវេលាតាមគោលការណ៍កំណត់។

*បានសាងសង់ផ្ទះចំនួន ១,០៩៨ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនសមាជិក ស.អ.ក ដែលមានជីវភាពលំបាក មានជម្រកស្នាក់នៅមិនសមរម្យតាមបណ្តាខេត្ត។
*បានប្រគល់ផ្ទះ ចំនួន៥៥១ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់សមាជិក ស.អ.ក ក្រីក្រ៥៥១គ្រួសារ
*ក្នុងនាមជាប្រធានប្តូរវេនសហព័ន្ធអតីតយុទ្ធជនអាស៊ានយើង បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២ និងមហាសន្និបាតលើកទី១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ដែលមានសមាជិកអតីតយុទ្ធជនអាស៊ានចំនួន១៦៧នាក់។
*សមាគមអតីតយុទ្ធជន បានសហការជាមួយបេឡាជាតិអតីតយុទ្ធជន ចុះបើកផ្តល់ប្រាក់ធានារ៉ាប់រ៉ងសង្គមជូនគ្រួសារសពនិវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងប្រាក់បូជាសពប្រាក់ឧបត្ថម្ភមួយលើក ជូនដល់គ្រួសារសពជនពិការ ជាអតីតយុទ្ធជនដែលទទួលមរណភាព បានចំនួន១,២៣៧សព ស្មើនិងទឹកប្រាក់ចំនួន៩,១០៥,០៨៦,១៦៦រៀល។
*សហការជាមួយក្រសួងសង្គមកិច្ច រៀបចំខួបលើកទី១២ ទិវារអតីតយុទ្ធជន។

រយៈពេលជាង១ឆ្នាំនេះ សមាគមពិនិត្យឃើញថា ការបើកផ្តល់មរណសង្រ្គោះជូនគ្រួសារសព ត្រូវបានប្រគល់ចំថ្ងៃបុណ្យ មិនមានការយឺតយ៉ាវ ឬជំពាក់ប្រាក់សពដូចមុនទៀតឡើយ៕