ក្រសួងទេសចរណ៍ប្រកាសដាក់ផែនការចំនួន ៧ចំណុចជាផ្លូវការ សម្រាប់អនុវត្តន៍ការងារឧស្សាហកម្មទេសចរណ៍ នៅឆ្នាំ២០១៧


ភ្នំពេញ– នៅរសៀលថ្ងៃទី២៤ ខែមករា ​ឆ្នាំ២០១៧នេះឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រកាសដាក់ផែនការចំនួន ៧ចំណុចជាផ្លូវការ សម្រាប់អនុវត្តន៍ការងារឧស្សាហកម្មទេសចរណ៍ នៅឆ្នាំ២០១៧ ពិសេសត្រូវពង្រឹងការប្រមូលចំណូលពីអាជ្ញាបណ្ណទេសចរណ៍ ឲ្យបានប្រសិទ្ធភាពខ្ពស់។

ផែនការសំខាន់ទាំង៧ចំណុច សម្រាប់អនុវត្តការងារឧស្សាហកម្មទេសចរណ៍ នៅឆ្នាំ២០១៧នោះ រួមមាន៖ ទី១៖ ពង្រឹងការគ្រប់គ្រងអាជ្ញាបណ្ណទេសចរណ៍ ដើម្បីចូលរួមដល់ការអនុវត្តនូវយុទ្ធនាការ «គ្មានទៀតទេ អាជីវកម្មទេសចរណ៍ ដែលគ្មានអាជ្ញាបណ្ណទេសចរណ៍ ឱ្យបានត្រឹមត្រូវក្នុងឆ្នាំ២០១៨» និងបន្តពង្រឹងការប្រមូលចំណូល ពីអាជ្ញាបណ្ណទេសចរណ៍។

ទី២៖ ពង្រឹងចំណាត់ថ្នាក់សេវាកម្មទេសចរណ៍៖ ជំរុញអនុវត្តន៍ប្រព័ន្ធផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ តាមប្រព័ន្ធអនឡាញ ជំរុញស្តង់ដាចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍, ជំរុញស្តង់ដាចំណាត់ថ្នាក់មណ្ឌលកម្សាន្តមនុស្សពេញវ័យ, ជំរុញស្តង់ដាផ្ទះស្នាក់កម្ពុជា, ជំរុញស្តង់ដា MICE កម្ពុជា ព្រមទាំងសិក្សា និងរៀបចំប្រភេទចំណាត់ថ្នាក់ និងសេវាផ្សេងៗទៀត។

ទី៣៖ ការងាររៀបចំស្តង់ដា៖ ត្រូវជំរុញលើការអនុវត្តស្តង់ដាសណ្ឋាគារបៃតងកម្ពុជា ដើម្បីត្រៀមខ្លួនចូលរួមយកជ័យលាភីសណ្ឋាគារបៃតងអាស៊ាន នៅ ATF 2018។ ជំរុញអនុវត្តស្តង់ដា «MICE កម្ពុជា» ដើម្បីត្រៀមចូលរួមទទួលជ័យលាភីស្តង់ដា «MICE អាស៊ាន» ដែលគ្រោងចែកនៅ ATF 2018 ខាងមុខ។បន្តជំរុញលើការបង្កើតឱ្យ មានស្តង់ដា សម្រាប់ប្រភេទសេវាស្នាក់នៅទេសចរណ៍នីមួយៗ ក្នុងនោះជំរុញការអនុវត្តស្តង់ដា «ផ្ទះស្នាក់កម្ពុជា» ឱ្យទូលំទូលាយនៅតាមគោលដៅ ទេសចរណ៍សំខាន់ៗ និងជំរុញការជួយរៀបចំឱ្យមានផ្ទះស្នាក់គំរូនៅតាមទីប្រជុំជន និងទីក្រុង ក្នុងឆ្នាំ២០១៧។

ទី៤៖ ការងារពង្រឹងសេវាមគ្គទ្ទេសក៍ទេសចរណ៍៖ បន្តជំរុញការចុះត្រួតពិនិត្យមគ្គទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ តាមរយៈយន្តការ QR Code និងខិតខំពង្រឹងសមត្ថភាពពួកគាត់ ដោយបន្តការបណ្តុះបណ្តាល វគ្គវិក្រឹត្យការមគ្គទ្ទេសក៍ទេសចរណ៍ ដើម្បីពង្រឹងសមត្ថភាពមគ្គទ្ទេសក៍ទេសចរណ៍ទាំងផ្នែកភាសា និងជំនាញ។

ទី៥៖ អនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តទ្រទ្រង់ ក្នុងឧស្សាហកម្មទេសចរណ៍៖ ត្រូវចាត់វិធានការអធិការកិច្ចទេសចរណ៍, បង្កើតគណៈកម្មការដោះស្រាយវិវាទទេសចរណ៍ និងយន្តការពិសេសទ្រទ្រង់គណៈកម្មការដោះស្រាយវិវាទ ដើម្បីឆ្លើយតបនឹងតម្រូវការសំណូមពររបស់ផ្នែកឯកជន ស្របតាមស្មារតីច្បាប់ស្តីពីទេសចរណ៍ និងបង្កើតនូវក្រមប្រតិបត្តិ និងសីលធម៌វិជ្ជាជីវៈ ដល់សមាគមមគ្គុទ្ទេសក៍ និងសមាគមឧស្សាហកម្មទេសចរណ៍។

ទី៦៖ អគ្គនាយកដ្ឋានទេសចរណ៍ ត្រូវរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើតការគ្រប់គ្រង និងការចាត់ចែងមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍គុណភាពសេវាកម្មទេសចរណ៍ និងការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទ្រទ្រង់ និងអភិវឌ្ឍន៍គុណភាពសេវាកម្មទេសចរណ៍។

ទី៧៖ ចូលរួមអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងនោះរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រុមការងារក្រសួងទេសចរណ៍ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយុវជន ស.ស.យ.ក រាជធានី-ខេត្ត សហការគ្នា ចុះអប់រំការយល់ដឹងជាសាធារណៈ អំពីវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមមណ្ឌលកម្សាន្ដទេសចរណ៍ និងតាមផ្ទះសំណាក់នានា ឱ្យមានប្រសិទ្ធភាព៕