កាលពីថ្ងៃចន្ទ ទី១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០២០ ក្នុងកំឡុងពេលធ្វើកំណាយសិក្សាស្រាវ ជ្រាវរចនាសម្ព័ន្ធគ្រឹះកំពង់ទឹករបស់បារាយមេបុណ្យនៃប្រាសាទបន្ទាយឆ្មារ មុនពេលចាប់ផ្តើមជួសជុល ក្រុមការងារ បច្ចេកទេសនៃនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ បានរកឃើញចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វទី១៣ កប់ក្នុងដីជម្រៅប្រហែលជាងមួយម៉ែត្រ ។ ដើម្បីការពារសុវត្ថិភាពចម្លាក់តោដែលទើបនឹងរកឃើញនេះ នាយកដ្ឋានបានសហការយ៉ាងជិតស្និទជាមួយនគរបាលបេតិកភណ្ឌប្រចាំការប្រាសាទបន្ទាយឆ្មារ ដោយចាត់កម្លាំងយាមកាមជាប្រចាំ។
សូមបញ្ជាក់ជូនថា បន្ទាប់ពីពិនិត្យឃើញ កំពង់ទឹកនេះទទួលរងនូវការខូចខាតស្ទើតែបាត់រូបរាងអស់ទៅហើយនោះ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈបានអនុញ្ញាតគោល ការណ៍ឲ្យមន្ត្រីបច្ចេកទេសនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ ចំណុះឲ្យអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើការអភិរក្សនិងជួសជុល ដើម្បីលើកតម្លៃសោភ័ណភាពនៃសំណង់កំពង់ទឹកមួយនេះឲ្យរស់ឡើងវិញ។ ការអភិរក្ស និងជួសជុលកំពង់ទឹកនេះ ទទួលបានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពីលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ។