ព្រះសង្ឃ ពុទ្ធបរិស័ទ និងសិស្សជាង ១,០០០នាក់ នៅខេត្តកំពង់ចាមប្រារព្ធកម្មវិធី ឈ្វេងយល់បុណ្យមាឃបូជា


(កំពង់ចាម)៖ ដើម្បីចូលរួមចំណែកលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែមានភាពផុសផុលឡើង ព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ រួមទាំងសិស្សានុសិស្សជាង ១,០០០នាក់ បានចូលរួមប្រារព្ធកម្មវិធី «ឈ្វេងយល់បុណ្យមាឃបូជា» ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រុមហ៊ុនផ្កាឈូក ធ្វើឡើងនៅ រសៀលថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២០ ក្នុងសាលសន្និសីទសាលាខេត្តកំពង់ចាម។

លោក អៀង សុធារ៉ា នាយកក្រុមហ៊ុនផ្កាឈូក បានថ្លែងឲ្យដឹងថា បុណ្យមាឃបូជា ជាពិធីបុណ្យមួយដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនា ប្រារព្ធនៅថ្ងៃ ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ ដោយនៅក្នុងឆ្នាំនេះត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។ ទន្ទឹមនឹងនេះកម្មវិធីឈ្វេងយល់អំពីបុណ្យមាឃបូជា បានប្រារព្ធធ្វើឡើង ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តដល់ពុទ្ធបរិស័ទក្នុងការអនុវត្តឱ្យបានត្រឹមត្រូវនូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា តាមរយៈពិធីបុណ្យមាឃបូជា។

ការរៀបចំកម្មវិធីឈ្វេងយល់បុណ្យមាឃបូជានេះ គឺធ្វើមុនថ្ងៃបុណ្យមាឃបូជា នៅតាមរាជធានីខេត្តមួយចំនួនដូចជា ខេត្តស្វាយរៀង បាត់ដំបង ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង រាជធានី និងខេត្តកំពង់ចាម ដើម្បីឲ្យពុទ្ធបរិស័ទ មានការយល់ដឹង មុននឹងអញ្ជើញទៅតាមវត្តនានាដែលជាទីពេញចិត្ត ដើម្បីប្រាព្ធពិធីបុណ្យមាឃបូជាតាមបែបប្រពៃណី។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងឱ្យដឹងដែរថា តាមរយៈការរៀបចំកម្មវិធីឈ្វេងយល់ពីពិធីបុណ្យមាឃបូជានៅពេលនេះ នឹងបានបង្ហាញនូវអត្ថន័យ២ យ៉ាងសម្រាប់សតិអារម្មណ៍របស់ព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្មួយៗសិស្សានុសិស្ស និងញាតិញោមពុទ្ធបរិស័ទនៅទីនេះគឺ៖

* ទី១៖ បញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកំពស់តួនាទីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៅក្នុងសង្គម ដែលជានយោបាយ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
* ទី២៖ ជួយឲ្យប្រជាពុទ្ធបរិស័ទ បានយល់ដឹងបន្ថែមពីព្រះពុទ្ធសាសនាពិសេសគឺបានយល់ដឹងពីពិធីបុណ្យដ៏មានមហាអត្ថន័យនៃបុណ្យមាឃបូជា។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា តាមរយៈនេះប្រជាពុទ្ធបរិស័ទនឹងកាន់តែយល់ថា ព្រះពុទ្ធសាសនាមានគុណូបការៈធំធេងចំពោះប្រជាជន នោះគឺតួនាទី ជួយប្រៀនប្រដៅ ឲ្យប្រព្រឹត្តតែអំពើល្អ មិនបៀតបៀនគ្នាយល់ដឹងនូវ គុណ-ទោស យល់ដឹងថាអំពើណាគួប្រព្រឹត្ត និងអំពើណាគួរវៀរចាក។ ជាមួយគ្នានេះផងដែរ ពិធីនេះក៏បានបញ្ជាក់ពីការចេះតបសងស្នងគុណ ចំពោះព្រះពុទ្ធសាសនា ដែលមានគុណូបការៈចំពោះខ្លួននេះផងដែរ៕