រាជធានី​បុរាណ​បាសាន​ ក្នុង​ស្រុក​ស្រីសន្ធរ​ នឹង​ប្រែក្លាយ​ទៅ​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​


កំពង់ចាម​: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​ថ្នាក់​ដឹក​នាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញចុះ​ពិនិត្យ​ប្រសាទ​បុរាណ​ទួលបាសាន ដែលជា​រាជធានី​បុរាណ​ប្រវត្តិសាស្រ្តមួយ ស្ថិតនៅ​​ក្នុង​ភូមិកំផ្លាក​ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដេីម្បី​សិក្សា​ស្វែងយល់​ ក្នុង​ការ​កែប្រែតំបន់នេះ​ឲ្យ​ក្លាយ​ទៅ​ជារមណីយដ្ឋាន ទេសចរណ៍។

លោក​ ស៊ីម គង់​ អភិបាល​ស្រុក​ស្រីសន្ធរ​ បានឲ្យដឹងថា​ កាលពីសម័យបុរាណតំបន់ទួលបាសាន ធ្លាប់ជា​រាជធានី​បាសាន ស្ថិតនៅ​ក្នុង​ស្រុក​ស្រីសឈរ​ ដែលបច្ចប្បន្ន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយ​មានប្រាសាទនៅទីតាំងនោះគឺ ប្រាសាទព្រះធាតុទួលបាសាន​ តំបន់​នេះធ្លាប់ជារាជាធានីរបស់ខ្មែរ ដែលមានព្រះរាជាគ្រងរាជ្យនៅទីនោះគឺ៖​ ១- ព្រះបាទពញាយ៉ាត ១៣៩៤-១៤៦៣ ទ្រង់បានមកករទ័ពនៅទីនេះរយៈពេល៥ខែ ទើបលើកទ័ពទៅវាយរំដោះក្រុងអង្គរពីសៀម ក្រោយមកក៏មកតាំងរាជវាំងនៅទីនេះមួយ​រយៈ​ រួចក៏មកតាំងរាជវាំងនៅចតុមុខភ្នំពេញសព្វថ្ងៃ។

២- ព្រះបាទស្រីសុរិយោទ័យ ១៤៧២-១៤៨៦ ជាបុត្រព្រះបាទនរាយណ៍រាជាត្រូវជាចៅព្រះព្រះបាទពញាយ៉ាត ដោយអាក់អន់ស្រពន់ចិត្តមិនបានស្នងរាជពីបីតាក៏មកតាំងតំបន់ស្វ័យយ័ត្ននៅទីនេះគ្រប់គ្រងតំបន់ រាជធានីទួលបាសាន រោងដំរី ព្រៃនគរ លង្ហោ ព្រៃបាក់ដែង ទៅទល់នគរចម្ប៉ា។

៣- ព្រះបាទស្រីសុគន្ធបទ ១៥០៤-១៥១២ ជាបុត្រព្រះបាទធម្មោរាជា និងជាចៅព្រះបាទពញាយ៉ាត ក៏មកគង់នៅរាជវាំងទួលបាសាន ប្រកបកិច្ចការផែនដី ដោយទុកឲ្យព្រះអនុចមហាឧបរាជ អង្គចន្ទគង់នៅគ្រប់គ្រងរាជវាំចតុមុខ។

៤- ព្រះបាទរាមាជើងព្រៃ ១៥៩៣-១៥៩៦ ជាក្សត្រដែលបានដឹកនាំទ័ពវាយរំដោះក្រុងលង្វែកពីសៀមមកវិញ ដោយក្រុងលង្វែកត្រូវសៀមដុតបំផ្លាញខ្ទេចអស់ ទ្រងក៏មកគង់នៅរាជរាំងទួលបាសាន ហើយក៏សុគតនៅទីនេះដែរ។

៥- គ.ស ១៥៩៦-១៦០៣ មានស្តេច៣អង្គគង់នៅរាជវាំងទួលបាសាន គឺទី១ អង្គតន់ទី១ -ទី២ អង្គអន និងទី៣សម្តេចកែវាពញាញោម (អន+ញោម)ជាស្តេចចោម្សៀត។

៦-​ ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១៦១៨ជាក្សត្រដែលទទួលការគោរពស្រឡាញចូលចិត្តពីប្រជារាស្គ្រ នៅពេលសៀមវាយចូលក្រុងលង្វែកព្រះអង្គបានប្រយុទ្ធយ៉ាងស្វិតស្វាញទល់នឹងចោសៀម តែចុងក្រោយក្រុងលង្វែកត្រូវសៀមវាយបែកទ្រង់ក៏ត្រូវសៀមចាប់ជាឈ្លើយសឹកហើយបញ្ជូលទៅប្រទេសវា។ក្រោយមកព្រះមហាទេវីក្សត្រីជាព្រះអយ្យកាបានសូមអង្វរព្រះចៅក្រុងសៀមសូមយាងព្រះស្រីសុរិយោពណ៌មកគ្រប់គ្រងនគរវិញ ព្រះចៅក្រុងសៀមក៏យល់ព្រមដោយគឹតថាអាចប្រើក្សត្រអង្គនេះជាកូនអុក តែខុសបំនងស្រឡះ។ព្រះបាទស្រីសុរិយោបណ៍បានមកគ្រងរាជដោយគង់នៅរាជវាំងទួលបាសាន ហើយក៏បានភ្ជាប់ទំនាក់ទំនងនឹងក្រុងវ៉េនគរអណ្ណាម​ ដើម្បីសងសឹកនឹងនគរសៀម​ដែលបានវាយកំទេចក្រុងលង្វែក។

ខេត្តបាសាន មានលក្ខណៈភូមិសាស្ត្រ÷ទិសខាងកើត មានបឹង​ ទិសអាគ្នេយ៍ មានទន្លេមេគង្គ​ ទិសទក្សិណ និងមានព្រៃធំផងដែរ​ ៕