នៅក្នុងឱកាសអញ្ជេីញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលេីកទី៤២ អាណត្តិទី៥ ដោយមានសមាជិកចូលរួមសរុបជិត ១០០០នាក់ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នៅស្នាក់ការគណបក្សស្រុកទ្រាំង ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានគូសបញ្ជាក់ថាថាគណបក្សបានកាច់ចង្កូតនាវាកម្ពុជាលេីផ្លូវត្រូវ ដោយរក្សាបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស និងរក្សានូវកំណេីនសេដ្ឋកិច្ចដែលទទួលបានGDPជាង៧% ក្នុងឆ្នាំ២០១៩ ដែលនេះគឺដោយសារការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ និងហ្មត់ចត់របស់គណបក្ស ដោយប្រកាន់ខ្ពាប់នូវអភិក្រម៥គឺឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល វះកាត់ និងបាវនា២គឺកែទម្រង់ខាងក្នុង បង្កេីនមិត្តខាងក្រៅក្រោមស្មារតីឯករាជ្យ ម្ចាស់ការ។
ឯកឧត្តមបន្តថាបេីទោះបីជាសភាពការណ៍នយោបាយពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងមានសម្ពាធពីបរទេសមកលេីកម្ពុជាក្រោមរូបភាពនយោបាយទៅតាមការញុះញ៉ង់របស់ក្រុមឧក្រិដ្ឋជនក្រៅច្បាប់មួយចំនួនក្តី ក៏រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ នៅតែឈយ៉ាងរឹងម៉ាំនិងរីកចម្រេីនជាបន្តបន្ទាប់ ក្រោមស្មារតីម្ចាស់ការដោយមិនយកអធិបតេយ្យភាពមកប្តូរជាមួយជំនួយជាដាច់ខាត។ ជាមួយគ្នានេះយេីងបានទប់ស្កាត់យ៉ាងជោគជ័យនូវឧបាយកលរបស់ក្រុមប្រឆាំងក្នុងការបំផ្លាញសន្តិភាព ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមនៅក្នុងប្រទេស។
ជាចុងក្រោមឯកឧត្តម បានផ្តាំផ្ញេីដល់សមាជិក សមាជិការទាំងអស់បន្តរួបរួមគ្នាជាធ្លង់មួយគាំទ្រ និងអនុវត្តនូវគោលនយោបាយគណបក្សដេីម្បីបន្តការពារថែរក្សាសន្តិភាព និងអភិវឌ្ឍកម្ពុជាកាន់តែរីកចម្រេីនរុងរឿងបន្ថែមទៀត។