នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ យើងទាំងអស់គ្នាអរគុណសន្តិភាព និងដឹងគុណស្ថាបនិកសន្តិភាព សម្ដេចតេជោ ហ៊ុន សែន


(កណ្តាល)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បានថ្លែងថា យើងទាំងអស់គ្នា បានអរគុណសន្តិភាព និងដឹងគុណស្ថាបនិកសន្តិភាព សម្ដេចតេជោ ហ៊ុន សែន ដោយសារសម្ដេចបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងបែបនេះក្នុងពិធីបញ្ចុះសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តអង្គជុំភ្នំចចក និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រមាណ២ពាន់នាក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នោថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត បានបន្តថា ដោយសារប្រទេសជាតិមានសុខសន្តិភាពពិតប្រាកដក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅធ្វើការងារប្រកបរបរចិញ្ចឹមជីវិតដើរកំសាន្ត និងបានមកជួបជុំគ្នាធ្វើបុណ្យទានគ្រប់ទីកន្លែង និងមានលទ្ធភាពកសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍទូទាំងប្រទេស។ សន្តិភាពនៅកម្ពុជា មានតម្លៃមិនអាចកាត់ថ្លៃបាន សន្តិភាពបានដោយការប្តូរសាច់ស្រស់ឈាមស្រស់របស់វីរៈជនអ្នកស្នេហាជាតិជាច្រើន សន្តិភាពនឹងនៅបន្តភាពរឹងមាំមិនបាត់បង់ឡើយ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបន្តការពារថែរក្សាសន្តិភាព និងស្មារតីម៉ឺងម៉ាត់ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីថែរក្សាភាពសម្បូរសប្បាយ និងភាពត្រជាក់ត្រជុំរបស់ជាតិ។

តាមរបាយការណ៍របស់ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា វិស័យព្រះពុទ្ធសាសនានៅទូទាំងស្រុកកណ្តាលស្ទឹង មានវត្តសរុបចំនួន ៣១ និងអាស្រំចំនួន ២ព្រះសង្ឃ មានចំនួន ៤៣៣អង្គរគណៈកម្មការវត្តចំនួន ៣០៦នាក់។ នៅគ្រប់វត្ត និងអាស្រមសុទ្ធតែមានសមិទ្ធផលបម្រើដល់ការគោរពប្រតិបត្តិបែបសាសនា ព្រះវិហារ សាលាធម្មសភាវត្ត របង ត្រូវបានកសាងរីកចម្រើនយ៉ាងផុលផុស ដោយកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ពិសេសវិស័យសាសនា នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ដែលបានផ្តល់ជាចំណងដៃនូវព្រះវិហារចំនួន១ ក្នុងវត្តអង្គជុំភ្នំចចក ឃុំទ្រា ដែលចាប់ផ្ដើមកសាងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ មានបណ្តោយ ២១ម៉ែត្រ ទទឹង១២ម៉ែត្រ និងបានបញ្ចប់ការកសាងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ចំណាយថវិកាអស់ចំនួន ២៧ម៉ឺនដុល្លាអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមការដឹកនាំកសាងរបស់ លោក នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បានប្រគេនបច្ច័យវត្ថុអង្គជុំភ្នំចចក ជាង ១៥ម៉ឺនដុល្លាអាមេរិក សម្រាប់កសាងសមិទ្ធផលបន្តទៀត នូវដងទង់១គូ និងរបងវត្ត។ ប្រគេនព្រះចៅអធិការវត្ត ១០លានរៀល និងប្រគល់គណៈកម្មការអាចារ្យវត្ត ១០លានរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាច្រើន ចែកជូនដល់លោកតាលោកយាយជី គណៈកម្មការអាចារ្យវត្ត មន្ត្រីរាជការអាជ្ញាធរដែនដី ក្រុមប្រឹក្សាស្រុកឃុំ យុវជន ប្រជាជន និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕