ការបង្ក្រាបឈើខុសច្បាប់បន្តថ្ងៃទី៥


Log Check 21 01 16 2 copy

     ប្រតិបត្តិ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ខុស​ច្បាប់ បាន​បន្ត​នៅ​ថ្ងៃ​ទី​២០ ​មករា​នេះ​ទៀត ដោយ​កម្លាំង​បាន​ចុះ​ទៅ​ពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​ឧកញា​ទ្រីភាព និង​ក្រុម​ហ៊ុន​វារី​អគ្គីសនី​សេសាន​ក្រោម​២ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ។

     មិន​មាន​សេច ក្តី​រាយ​ការណ៍​អំពី​ភាព​មិន​ប្រក្រតី​ ក្នុង​ការ​ចុះ​ទៅ​ពិនិត្យ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​នោះ​ទេ​ បើ​ទោះ​បី​ជា​មាន​សេចក្តី​រាយ​ការណ៍​ អំពី​ការ​ប្រទះ​ឃើញ​ឈើ​ប្រណិត​ជា​ច្រើន​ក្នុង​ទី​តាំង ​២​កន្លែង ​របស់​លោក​ឧកញា​ទ្រីភាព​នោះ​ក៏​ដោយ ​។

     សេចក្តី​រាយ​ការណ៍​បាន​សរសេរ​ថា​ ក្នុង​ទី​តាំង​របស់​លោក​ឧកញា​ទ្រីភាព​ នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​នោះ មាន​ឈើ​រណូក​រណែល​លើ​ដី គរ​ដូច​ភ្នំ និង​ខ្លះ​កំពុង​ស្ថិត​លើ​រថយន្ត​ដែល​បំរុង​ដឹក​ចេញ​ ។ ដោយ​ឡែក​នៅ​ក្នុង​ខេត្ត​ក្រចេះ…​ ត្បូង​ឃ្មុំ និង​ខេត្ត​មណ្ឌល​គីរី​ នោះ​វិញ កម្លាំង​សមត្ថកិច្ច​នៅ​តែ​បន្ត​ការ​ដាក់​ពង្រាយ​តាម​កន្លែង​ឈើ​ ដែល​រក​ឃើញ​ និង​មិនអនុញ្ញាត​អោយ​ដឹក​ជញ្ជូន​ចេញ​ឡើយ​ ដើម្បី​ធ្វើ​ការ​រាប់​ចំនួន​ឈើ​ទាំង​អស់​សា​ឡើង​វិញ​។ ដោយ​សារ​តែ​ចំនួន​ឈើ ប្រណិត​មាន​ច្រើន​ពេក ទើប​ការ​រាប់​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​នេះ នៅ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ​ ។

     មន្ត្រី​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក​ឧត្តម​សេនីយ៍ត្រី អេង ហ៊ី បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ថា សមត្ថ​កិច្ច​នៅ​រក្សា​ភាព​ដើម​នៃ​ចំនួន​ឈើ​តាម​ទី​តាំង​រក​ឃើញ​ទាំង​អស់​ ដោយ​មិន​អោយ​មាន​ការ​ចល័ត​ដឹក​យក​ចេញ​ទៅ​ទីណា​ឡើយ និង​សមត្ថកិច្ច​ជំនាញ​កំពុង​ពិនិត្យ​វាស់​វែង ​ជាមួយ​ការ​ផ្ទៀង​ផ្ទាត់​ឯកសារ​ដើម្បី​រក​ម្ចាស់​ឈើ​និង​ប្រភព​ឈើ​ថែម​ទៀត​ ។

     ឈើ​ដែល​រក​ឃើញ​នៅ​ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​ក្រចេះ​និង​ខេត្ត​មណ្ឌល​គីរី គឺ​ជា​ឈើ​ដែល​គេ​បាន​និយាយ​ថា​ ជាប់​ទាក់​ទង​នឹង​ឈ្មោះ​ឧកញា​យ៉ាង​ហោច​ចំនួន​ ៤​រូប ​គឺ​ឧកញា​លឹម ប៊ុនណា ហៅ​ខ្នា​… ឧកញា​សឹង សំអុល​… ឧកញ៉ា វន្ត ប៊ុន ថៃ​… និង​ឧកញ៉ា​ឈ្មោះ វីដា ផង​ដែរ​ ។ ជំនួញ​ឈើ​ប្រណិត ត្រូវ​ប្រទេស​ទាំង​១០​ នៅ​អាស៊ាន បាន​ចាត់​ទុក​ថា​ គឺ​ជា​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ដែល​ត្រូវ​តែ​បង្ក្រាប​ ។

     មិន​មាន​សេចក្តី​រាយ​ការណ៍​បញ្ជាក់​ថា​ តើ​ក្រោយ​ការ​រក​ឃើញ​នេះ សមត្ថកិច្ច​ នឹង​មាន​វិធាន​ការណ៍​តាម​ផ្លូវ​ច្បាប់​ទៀត​ដែរ​ឬ​យ៉ាង​ណា​ ចំពោះ​ឈ្មួញ​ណា​ដែល​ជាប់​ជំពាក់​ភាព​មិន​ប្រក្រតី​នៃ​ជំនួញ​ឈើ​នោះ​ឡើយ​… ប៉ុន្តែ​មាន​ការ​បង្ហើប​ថា​ សមត្ថកិច្ច​នឹង​អនុវត្ត​និតិ​វិធី​តាម​ច្បាប់​ ប្រសិន​ណា​បើ​រក​ឃើញ​ថា ឈើ​ទាំង​នោះ បាន​មក​ដោយ​សារ​ការ​កាប់​បំផ្លាញ​ព្រៃ​ខ្មែរ​ដោយ​គ្មាន​ច្បាប់​ទម្លាប់​នោះ​ ។

Log Check 21 01 16 3 copy