អាជ្ញាធរគ្រោងប្រើបាវច្រកខ្សាច់ ទប់ច្រាំងទន្លេក្នុងក្រុងកំពង់ចាមបន្ថែមទៀត ក្រោយពីសាងសង់បាន ៥២ភាគរយ


(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រោយពីចុះពិនិត្យការ សាងសង់ច្រាំងទន្លេ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានគម្រោងរៀបចំ បាវច្រកខ្សាច់បន្ថែមទៀត ដើម្បីទប់ស្កាត់ការបាក់ច្រាំង បន្ទាប់ពីច្រាំងទន្លេតំបន់ទេសចរណ៍នេះ បានសាងសង់រួច ៥២ភាគរយហើយ។ នេះបើតាមការឲ្យដឹងពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម។

លោក អ៊ុម វិបុល បានថ្លែងឲ្យដឹងថា ច្រាំងទន្លេ និងសួនច្បារដែលជាតំបន់ទេសចរណ៍ តាមដងទន្លេស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម គិតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសាងសង់រួច ៥២ភាគរយហើយ។

លោកបន្តថា បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមអាជ្ញាធរ ចុះត្រួតពិនិត្យតាមតំបន់ច្រាំងទន្លេ ស្ថិតក្នុងក្រុងកំពង់ចាមនេះ លោកបានចេញវិធានការ ឲ្យក្រុមមន្ត្រីជំនាញ រៀបចំបន្ថែមបាវច្រកខ្សាច់ ដើម្បីទប់ច្រាំងទន្លេ នៅតាមចំណុចដែលងាយរងគ្រោះ នៃការបាក់ច្រាំងនេះការពារឲ្យបានមុនពេលរដូវទឹកជំនន់៕