អភិបាលខេត្តកំពង់ចាម​៖​ យេីង​ត្រូវ​រួម​សាមគ្គី​គ្នា​ទេីប​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​


កំពង់ចាម​:​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ យេីង​រួមគ្នា​កសាង​សមិទ្ធផល​ជា​ច្រើន​ទៅបាននេះ​ ​លុះត្រាតែ​ប្រទេសជាតិយេីង​មាន​សុខសន្តិភាព​ ហើយយេីង​រួម​សាមគ្គី​គ្នា​ទេីប​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​ផង​ដែរ​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាសសម្ពោធឆ្លងប្រាសាទ ស្រះទឹក និងសមិទ្ធផលនានា​ នៅវត្តអំពិលទ្វារ ស្ថិត​ក្នុង​ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

ឆ្លៀត​ក្នុង​ឱកាស​នោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​រួម​សាមគ្គី​គ្នា​ ​ដែល​បាន​ធ្វេី​ឲ្យ​​​សមិទ្ធផលថ្មីៗ​ជា​ច្រើន​លេចចេញ​ជា​រូបរាង​ ហើយ​ត្រូវ​សម្ពោធ​ឆ្លង​នាពេល​នេះ​ គឺកើតចេញពីសទ្ធា​ជ្រះថ្លា​របស់​សប្បុរសជន​នានា​​ និងការដឹកនាំរបស់ព្រះគ្រូចៅអធិការវត្ត​ និងគណៈកម្មការអាចារ្យវត្ត​ ចាប់ពីឆ្នាំ២០១៧​ ដល់ឆ្នាំ២០១៩​ មានដូចជា​ ស្រះទឹក​ ជាវដីពង្រីកបរិវេណស្រះទឹកមុខវត្ត​ ជួសជុលប្រាសាទបាក់បែកក្នុងវត្ត​បរិវេណ​ខាង​ជើង​ព្រះវិហារ​ កសាងគន្ធកុដិ​ ប្រាសាទ​ កសាងខឿនពោធិព្រឹក្ស​ កសាងសត្តមហាឋាន​ កសាងបង្គោលសូឡា​ ចាក់ដីបំពេញ​វត្ត​ និងកសាងខឿនបុព្វការី​ ដែល​សរុបជាទឹកប្រាក់អស់​ ១៣​.៥៧៥០$ ។

ឯកឧត្តម​អភិបាលខេត្ត​ បាន​ថ្លែង​បន្ត​ថា​​ ដោយ​សារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​ ទេីប​យេីង​មាន​ឱកាស​ធ្វើ​បុណ្យទានរួមគ្នា​ ខុស​ពី​ជំនាន់​ប៉ុលពត​ដែលគេ​យកទី​វត្តអារាម​ធ្វើ​ជា​គុក​ ​ឬ​ធ្វើ​ជា​ក្រោល​សត្វ​ ដូច្នេះ​សូម​ឲ្យ​លោកយាយ​លោក​តា​ ក៏ដូចជា​​បងប្អូន​ប្រជាពលរដ្ឋ​ រួមគ្នា​​ថែរក្សា​នូវ​សុខសន្តិភាពមួយ​នេះ​ ​ឲ្យ​បាន​គង់វង្ស​យូរ​អង្វែង​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​រីកចម្រើន​បន្ត​ទៅ​ទៀត។

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​អំពាវនាវ​សូម​ឲ្យ​លោកយាយ​លោក​តា​ ត្រូវ​ថែទាំ​សុខភាព​ បេី​មាន​ករណី​មិន​ស្រួល​ក្នុង​ខ្លួន​ ត្រូវ​ឲ្យ​កូនចៅ​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ៗ​ ដើម្បី​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា​ និង​​អប់រំ​ណែនាំ​ដល់​កូនចៅ​ ត្រូវ​គោរព​ច្បាប់​ចរាចរ​ ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ហើយ​កុំ​ប្រព្រឹត្ត​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ផង​ដែរ​ ៕