ក្រសួងស្នើគណៈមេធាវីជួយបង្កើតច្បាប់មគ្គុទ្ទេសក៍ទេសចរណ៍


ក្រសួងទេសចរណ៍ បានស្នើគណៈមេធាវីកម្ពុជាជួយបង្កើតឱ្យមានច្បាប់ស្ដីពីមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីពង្រឹងការគ្រប់គ្រងវិស័យទេសចរណ៍។

ការស្នើយ៉ាងដូច្នេះត្រូវបានធ្វើឡើងនាឱកាស ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ជួបពិភាក្សាការងារជាមួយប្រតិភូនៃគណៈមេធាវីកម្ពុជា ដឹកនាំដោយលោក សួន វិសាល ប្រធានគណៈមេធាវី នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីធានានូវសង្គតិភាព និងសុខដុមនីយកម្មនៃវិធានច្បាប់ ធានានូវនិត្យានុកូលភាព និងការដោះស្រាយសម្របសម្រួល វិវាទទេសចរណ៍ ការពង្រឹង និងបង្កើនល្បឿនអភិបាលកិច្ចល្អ ក្នុងទិសដៅចូលរួមចំណែកពង្រឹងនីតិរដ្ឋ និងលើកកម្ពស់វប្បធម៌នៃការគោរពច្បាប់ និងជំរុញការអនុវត្តច្បាប់។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការខិតខំរបស់ក្រសួង ក្នុងការពង្រឹងការគ្រប់គ្រង និងអនុវត្តច្បាប់ស្តីពីទេសចរណ៍ ដែលក្នុងនោះក៏សង្កេតឃើញមានបុគ្គលមួយចំនួន បានប្រព្រឹត្តសកម្មភាពល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ ដូចជា ការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយទៅឱ្យភ្ញៀវទេសចរ និងការផ្សព្វផ្សាយព័ត៌មាន រូបភាព និងខ្លឹមសារអវិជ្ជមានពីទេសចរណ៍កម្ពុជាដែលខុសការពិត តាមបណ្តាញផ្សព្វផ្សាយសង្គមនានា និងជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពជាតិ និងគោលនយោបាយទេសចរណ៍ជាតិ ក្នុងការទាក់ទាញទេសចរមកទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើបន្ថែមដល់គណៈមេធាវីកម្ពុជាជួយដល់ក្រសួងទេសចរណ៍ លើការងារសំខាន់មួយចំនួន ដូចជា ជួយប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ក្រសួងទេសចរណ៍ ក្នុងការដោះស្រាយ និងសម្របសម្រួលវិវាទពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងជួយសិក្សាលើភាពចន្លោះប្រហោងនៃច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍។

ជាការឆ្លើយតប ប្រធានគណៈមេធាវីបានឯកភាពទទួលយកនូវសំណើ ដែលបានលើកឡើងដោយឯកឧត្តមរដ្ឋមន្ត្រី ហើយនឹងបន្តកិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ ដើម្បីពង្រឹងការគ្រប់គ្រងវិស័យទេសចរណ៍ និងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព៕