កិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងដឹកនាំប្រព័ន្ធវាយ​តម្លៃ​អប់រំ​កម្រិតមត្តេយ្យសិក្សា និងអប់រំចំណេះ​ទូទៅ


រាជធានី​ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន​បើក​កិច្ចប្រជុំ​គណៈកម្មការគ្រប់គ្រង និង​ដឹកនាំ​ប្រព័ន្ធ​វាយ​តម្លៃ​អប់រំ​កម្រិតមត្តេយ្យសិក្សា និងអប់រំចំណេះ​ទូទៅ ​ ដើម្បីបង្ហាញជូនរបាយការណ៍វឌ្ឍនភាព និងលទ្ធផលបឋមនៃតេស្តរង្វាយតម្លៃ​លទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិថ្នាក់ទី៣ ដែលបានអនុវត្ត​ក្នុង​ឆ្នាំសិក្សា ២០១៨-២០១៩។
កិច្ចប្រជុំ​នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​បណ្ឌិត​សភា​ចា​រ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញ​ចូលរួមពី​ថ្នាក់​ដឹក​នាំ​​ក្រសួង និង​នាយកដ្ឋាន​ពាក់ព័ន្ធនានា ជាច្រើនរូបផង​ដែរ។
ក្នុងកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិត​សភា​ចា​រ្យរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា​កម្រិតបច្ចេកទេស​លើបញ្ហា​​ដែលបាន​រកឃើញពីតេស្តរង្វាយតម្លៃថ្នាក់ជាតិ ថ្នាក់ទី៣ ជាមួយនាយកដ្ឋានពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ស្ថាប័នបណ្តុះបណ្តាលគ្រូ និងគ្រូបង្រៀនល្អ ដើម្បីរកដំណោះស្រាយ ឬអនុសាសន៍ជាក់លាក់ក្នុង​ការកែ​លម្អ​ខ្លឹមសារមេរៀន ចំនួន​ម៉ោងបង្រៀន និងវិធីសាស្រ្តបង្រៀន ក្នុងគោលបំណងធានាបាននូវគុណភាពបង្រៀន និងរៀន​ពិតប្រាកដ ដែលអាចជួយ​លើកកម្ពស់​លទ្ធផលសិក្សារបស់សិស្សថ្នាក់ទី៣ ឱ្យកាន់តែប្រសើរឡើង សម្រាប់រង្វាយតម្លៃថ្នាក់ជាតិ ថ្នាក់ទី៣ នៅវដ្ត​បន្ទាប់​៕

១៩ ​កុម្ភៈ ២០២០ | ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា