រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងដឹកនាំប្រព័ន្ធវាយតម្លៃអប់រំកម្រិតមត្តេយ្យសិក្សា និងអប់រំចំណេះទូទៅ ដើម្បីបង្ហាញជូនរបាយការណ៍វឌ្ឍនភាព និងលទ្ធផលបឋមនៃតេស្តរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិថ្នាក់ទី៣ ដែលបានអនុវត្តក្នុងឆ្នាំសិក្សា ២០១៨-២០១៩។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងនាយកដ្ឋានពាក់ព័ន្ធនានា ជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សាកម្រិតបច្ចេកទេសលើបញ្ហាដែលបានរកឃើញពីតេស្តរង្វាយតម្លៃថ្នាក់ជាតិ ថ្នាក់ទី៣ ជាមួយនាយកដ្ឋានពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ស្ថាប័នបណ្តុះបណ្តាលគ្រូ និងគ្រូបង្រៀនល្អ ដើម្បីរកដំណោះស្រាយ ឬអនុសាសន៍ជាក់លាក់ក្នុងការកែលម្អខ្លឹមសារមេរៀន ចំនួនម៉ោងបង្រៀន និងវិធីសាស្រ្តបង្រៀន ក្នុងគោលបំណងធានាបាននូវគុណភាពបង្រៀន និងរៀនពិតប្រាកដ ដែលអាចជួយលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សថ្នាក់ទី៣ ឱ្យកាន់តែប្រសើរឡើង សម្រាប់រង្វាយតម្លៃថ្នាក់ជាតិ ថ្នាក់ទី៣ នៅវដ្តបន្ទាប់៕
១៩ កុម្ភៈ ២០២០ | ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា