(ព្រះវិហារ)៖កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះគណៈកម្មការព្រំដែនកម្ពុជា-ឡាវ មួយក្រុមដែលដឹកនាំដោយលោកឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅព្រះរាជណាចក្រថៃដែលក្នុងនោះមានសមាសភាពមកពីក្រសួងការបរទេសកម្ពុជានិងឡាវ ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជានិងឡាវ លោកអភិបាលខេត្តព្រះវិហារនិងលោកអភិបាលខេត្តចំប៉ាសាក់របស់ឡាវ បានចុះទៅពិនិត្យទីតាំងសង់ស្ពានឆ្លងទន្លេល្ពៅស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារដោយឆ្លងពីព្រំដែនកម្ពុជាទៅកាន់ប្រទេសឡាវនៅក្នុងខេត្តចំប៉ាសាក់។
មន្ត្រីដែលបានទៅចូលរួមក្នុងប្រតិភូខាងលើបានឱ្យដឹងថា៖ការចុះទៅពិនិត្យនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មការព្រំដែនប្រទេសទាំងពីរបានបើកកិច្ចប្រជុំរួមគ្នានៅដើមសប្តាហ៍នេះ។គួរបញ្ជាក់ថា៖កាលពីឆ្នាំ២០១៦កន្លងមកភាគីកម្ពុជានិងភាគីឡាវបានឯកភាពគ្នាជាគោលការណ៍ដើម្បីគ្រោងសាងសង់ស្ពានបេតុងឆ្លងទន្លេល្ពៅក្នុងឃុំកំពុងស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារជាប់ព្រំប្រទល់ខេត្តចំប៉ាសាក់ប្រទេសឡាវ។
គំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេល្ពៅនិងផ្លូវថ្មីប្រើប្រាស់កំចីឥណទានពីរដ្ឋាភិបាលចិន។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារឲ្យដឹងថាស្ពានទន្លេល្ពៅដែលគ្រោងសាងសង់នេះមានប្រវែង១៤៥ម៉ែត្រហើយនៅពេលសាងសង់រួចស្ពាននិងផ្លូវនេះនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំរើឲ្យវិស័យពាណិជ្ជកម្ម,សេដ្ឋកិច្ចនិងពិសេសទេសចរណ៍ក៏ដូចជាការរួមចំណែកពង្រឹងសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែនផងដែរ៕