សន្និបាតបូកសរុបការងារបញ្ជប់សម្រាប់ឆ្នាំ ២០១៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជាក្នុងការត្រួតពិនិត្យនិងគ្រប់គ្រង ការធ្វើសេវាកម្មអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា


ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា អាជ្ញាធរអគ្គិសនីកម្ពុជាប្រារព្ធសន្និបាតបូកសរុបការងារត្រួតពិនិត្យ និងគ្រប់គ្រង ការធ្វើសេវាកម្មអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ ២០១៦ និងលើកទិសដៅសម្រាប់ការអនុវត្តនៅឆ្នាំ ២០១៧ ។ សន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពីក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា តំណាងគ្រប់ សាលារាជធានី ខេត្ត មន្ទីររ៉ែ និងថាមពលគ្រប់រាជធានី ខេត្ត មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ អាជ្ញាធរឃុំមួយចំនួន អ្នកធ្វើសេវាកម្មអគ្គិសនីគ្រប់ប្រភេទ និងតំណាងអ្នកប្រើប្រាស់តាមរាជធានី ខេត្តមួយចំនួន សរុបទាំងអស់ប្រហែល ៦០០ នាក់ ។
តាមរបាយការណ៍បូកសរុបរបស់ ឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ចំពោះសមិទ្ធផលនៃការអភិវឌ្ឍន៍ប្រភពអគ្គិសនីក្នុងឆ្នាំ២០១៦នេះ សមាមាត្រនៃការនាំចូលពីប្រទេសជិតខាងបានថយចុះពី២៥.៧៣% មកត្រឹមតែ២២.០៦% រួចប្រភពថាមពលដែលបានប្រើប្រាស់បានកើនឡើងចំនួន ១៩.៧៩% ។ អនុភាពសរុបក្នុងស្រុកឆ្នាំ២០១៦ មានចំនួន ១,៥៩២ មេហ្កាវ៉ាត់ បើគិតតាមស្តង់ដារថ្លៃមធ្យម ២ លានដុល្លា ក្នុង១មេហ្កាវ៉ាត់ ទំហំវិនិយោគលើប្រភពអគ្គិសនីក្នុងស្រុកទាំងអស់មានចំនួន ៣,១៨៤ លានដុល្លាអាមេរិក ។
ក្នុងឆ្នាំ២០១៧ យើងគ្រោងដាក់ឲ្យដំណើរការរោងចក្រធ្យូងថ្ម ០១គ្រឿងទំហំ ១៣៥ មេហ្កាវ៉ាត់ ដើម្បីទប់ទល់នឹងកំណើនសេចក្តីត្រូវការប្រើប្រាស់បន្ថែមទៀត និងបន្ថយការនាំចូលពីប្រទេសជិតខាងឲ្យមកនៅត្រឹមតែ ២០%ប៉ុណ្ណោះ ។
-សូមទាញយករបាយការណ៍ស្តីពី វឌ្ឍនភាពសំខាន់ៗ របស់វិស័យអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ខែធ្នូ ឆ្នាំ២០១៦