(ភ្នំពេញ) ៖ រដូវប្រមូលផលម្រេចបានចាប់ផ្ដើមហើយ នាដំណាច់ខែមករានេះ។ សម្រាប់ឆ្នាំ២០១៧ ម្រេចកំពតដែលជាទំនិញសម្គាល់ភូមិសាស្ត្ររបស់កម្ពុជា រំពឹងថាទទួលបានទិន្នផលរហូតដល់ទៅ១០០តោន ខណៈឆ្នាំ២០១៦កន្លងទៅម្រេចកំពតទទួលផលបានត្រឹមតែ៧៣តោនប៉ុណ្ណោះ។
ការប្រមូលផលម្រេចចាប់ផ្ដើមហើយនៅខេត្តកំពត សម្រាប់ការផលិតម្រេចខ្មៅ។ ចំណែកការប្រមូលផលសម្រាប់ផលិតម្រេចក្រហម និង ម្រេចស នៅមិនទាន់ចាប់ផ្ដើមនៅឡើយទេ គឺត្រូវរង់ចាំរហូតដល់ខែកុម្ភៈខាងមុខ។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ទិន្នផលម្រេចកំពតនៅឆ្នាំ២០១៧នេះរំពឹងថាទទួលផល១០០តោន ច្រើនជាងឆ្នាំមុនដែលទទួលផលបានត្រឹមតែ៧៣តោនប៉ុណ្ណោះ។ ការកើនឡើងនេះត្រូវបានលោក ងួន ឡាយ ពន្យល់ថា គឺដោយសារតែសមាគមបានពង្រីកចំនួនសមាជិក និងផ្ទៃដីដាំដុះបន្ថែមទៀត។
សូមបញ្ជាក់ថា ខេត្តកំពតមានផ្ទៃដីសរុបជាង៤ពាន់គីឡូម៉ែត្រក្រឡា និងមានប្រជាជនជាង៦៣ម៉ឺននាក់ហើយដំណាំម្រេចគឺជាដំណាំកសិកម្មសម្គាល់ភូមិសាស្ត្រក្នុងខេត្តនេះ។ សព្វថ្ងៃ កំពតមានផ្ទៃដីដាំម្រេចប្រមាណ១៨០ហិកតា ហើយក្នុងចំណោមនោះមានផ្ទៃដីប្រមាណ៤០ហិកតា កំពុងតែផ្ដល់ផលម្រេចជារៀងរាល់ឆ្នាំ។
បើតាមប្រធានសមាគមម្រេចកំពត ម្រេចដែលទទួលផលជារៀងរាល់ឆ្នាំ ត្រូវនាំចេញទៅលក់នៅសហភាពអឺរ៉ុប អាមេរិក ចិន កូរ៉េ ជប៉ុន និងហុងកុងជាដើម។ តម្លៃម្រេចក្នុងឆ្នាំនេះ នៅរក្សាដដែល ដូចទៅនឹងឆ្នាំ២០១៦កន្លងទៅដែរ។ ពោលម្រេចខ្មៅមានតម្លៃ១៥ដុល្លារក្នុងមួយគីឡូក្រាម ម្រេចក្រហមតម្លៃ២៥ដុល្លារ និងម្រេចសតម្លៃ២៨ដុល្លារ។
គួររំឭកថា ម្រេចកំពត គឺជាផលិតផលសម្គាល់ភូមិសាស្ត្ររបស់កម្ពុជា ដែលមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម។មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំ២០១៦កន្លងទៅ ម្រេចកំពតបានក្លាយទៅជាផលិផលសម្គាល់ភូមិសាស្ត្រដំបូងគេរបស់កម្ពុជា ដែលបានចុះក្នុងបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្ររបស់សភាពអឺរ៉ុប។ ការចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រនេះ មិនត្រឹមតែធានានូវកេរ្តិ៍ឈ្មោះនិងគុណភាពម្រេចកំពតទេ តែវាថែមទាំងការពារភាពស្របច្បាប់របស់ម្រេចកំពតនៅក្នុងសហភាពអឺរ៉ុបទៀតផង៕