ម្រេច​កំពត​អាច​នឹង​បាន​ផល​១០០​តោន​ក្នុង​ឆ្នាំ​២០១៧


​(​ភ្នំពេញ​) ៖ រដូវ​ប្រមូល​ផល​ម្រេច​បានចាប់ផ្ដើម​ហើយ នា​ដំណាច់​ខែមករា​នេះ​។ សម្រាប់​ឆ្នាំ​២០១៧ ម្រេច​កំពត​ដែលជា​ទំនិញ​សម្គាល់​​ភូមិសាស្ត្រ​របស់​កម្ពុជា រំពឹងថា​ទទួលបាន​ទិន្នផល​រហូតដល់​ទៅ​១០០​តោន ខណៈ​ឆ្នាំ​២០១៦​កន្លងទៅ​ម្រេច​កំពត​ទទួលផល​បាន​ត្រឹម​តែ​៧៣​តោន​ប៉ុណ្ណោះ​។​

​ការប្រមូល​ផល​ម្រេច​ចាប់ផ្ដើម​ហើយ​នៅ​ខេត្តកំពត សម្រាប់​ការផលិត​ម្រេចខ្មៅ​។ ចំណែក​ការប្រមូល​ផល​សម្រាប់​ផលិត​ម្រេច​ក្រហម និង ម្រេចស នៅ​មិនទាន់​ចាប់ផ្ដើម​នៅឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​រហូតដល់​ខែកុម្ភៈ​ខាងមុខ​។

​លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ទិន្នផល​ម្រេច​កំពត​នៅ​ឆ្នាំ​២០១៧​នេះ​រំពឹងថា​ទទួល​​ផល​១០០​តោន ច្រើនជាង​ឆ្នាំមុន​ដែល​ទទួលផល​បានត្រឹមតែ​៧៣​តោន​ប៉ុណ្ណោះ​។ ការកើនឡើង​នេះ​ត្រូវបាន​លោក ងួន ឡាយ ពន្យល់ថា គឺ​ដោយសារតែ​សមាគម​បាន​ពង្រីក​ចំនួន​សមាជិក និង​ផ្ទៃដី​ដាំ​ដុះ​បន្ថែមទៀត​។​

​សូមបញ្ជាក់ថា ខេត្តកំពត​មាន​ផ្ទៃដី​សរុប​ជាង​៤​ពាន់​គីឡូ​ម៉ែត្រក្រឡា និង​មាន​ប្រជាជន​ជាង​៦៣​ម៉ឺន​នាក់​ហើយ​ដំណាំ​ម្រេច​គឺជា​ដំណាំ​ក​​សិ​កម្ម​សម្គាល់​ភូមិសាស្ត្រ​ក្នុង​ខេត្ត​នេះ​។ សព្វថ្ងៃ កំពត​មាន​ផ្ទៃដី​ដាំ​ម្រេច​ប្រមាណ​១៨០​ហិកតា ហើយ​ក្នុងចំណោម​នោះ​មាន​ផ្ទៃដី​ប្រមាណ​៤០​ហិកតា កំពុងតែ​ផ្ដល់​ផល​ម្រេច​ជា​រៀងរាល់ឆ្នាំ​។​

​បើតាម​ប្រធាន​សមាគម​ម្រេច​កំពត ម្រេច​ដែល​ទទួលផល​ជា​រៀងរាល់ឆ្នាំ ត្រូវ​នាំ​ចេញទៅ​លក់​នៅ​សហភាព​អឺរ៉ុប អាមេរិក ចិន កូរ៉េ ជប៉ុន និង​ហុងកុង​ជាដើម​។ តម្លៃ​ម្រេច​ក្នុងឆ្នាំនេះ នៅ​រក្សា​ដដែល ដូច​ទៅនឹង​ឆ្នាំ​២០១៦​កន្លងទៅ​ដែរ​។ ពោល​ម្រេចខ្មៅ​មានតម្លៃ​១៥​ដុល្លារ​​ក្នុង​មួយ​គីឡូក្រាម ម្រេច​ក្រហម​តម្លៃ​២៥​ដុល្លារ និង​ម្រេចស​តម្លៃ​២៨​ដុល្លារ​។​

​គួររំឭកថា ម្រេច​កំពត គឺជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុជា ដែលមាន​ការទទួលស្គាល់​ពី​ក្រសួងពាណិជ្ជកម្ម​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ ​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ ម្រេច​កំពត​បាន​ក្លាយទៅជា​ផ​លិ​ផល​សម្គាល់​ភូមិសាស្ត្រ​ដំបូង​គេ​របស់​កម្ពុជា ដែល​បាន​ចុះ​ក្នុង​បញ្ជី​ផលិត​​ផល​សម្គាល់​ភូមិសាស្ត្រ​របស់​សភាព​អឺរ៉ុប​។ ការចុះបញ្ជី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នេះ មិន​ត្រឹមតែ​ធានា​នូវ​កេរ្តិ៍ឈ្មោះ​និង​គុណភាព​ម្រេច​​កំពត​ទេ តែ​វា​ថែមទាំង​ការពារ​ភាពស្របច្បាប់​របស់​ម្រេច​កំពត​នៅក្នុង​សហភាព​អឺរ៉ុប​ទៀតផង​៕