ក្រុមនាវិកកប៉ាល់ Westerdam៖ «យើងខ្ញុំទាំងអស់គ្នា នឹងចងចាំអំពើល្អរបស់កម្ពុជា និងប្រាប់ដល់កូនចៅជំនាន់ក្រោយពីទឹកចិត្តដ៏ប្រពៃនេះ»


(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្រ្តីក្រោមឱវាទ នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមពិសារអាហារសាមគ្គី ដែលរៀបចំឡើងដោយក្រុមនាវិករបស់នាវា Westerdam ដើម្បីជាការថ្លែងអំណរគុណ មុនពេលនាវាចាកចេញពីកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ លោកមេបញ្ជាការនាវា បានថ្លែងកោតសរសើរ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋកម្ពុជា នូវទឹកចិត្តមនុស្សធម៌ និងគ្មានការរើសអើង ដោយបានអនុញាតិទទួលយកនាវា Westerdam នាវិក និងភ្ញៀវទេសចរទាំងអស់ ចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ និងជួយសម្របសម្រួលនូវសេចក្តីត្រូវការគ្រប់បែបយ៉ាង។

លោកមេបញ្ជាការបានបញ្ជាក់ថា ជាពិសេសកម្ពុជា ជួយដល់ដំណើរត្រលប់ទៅកាន់ប្រទេសកំណើត របស់ភ្ញៀវទេសចរនៅលើទទួលបានជោគជ័យ លើសពីការរំពឹងទុក។ លោកបានអះអាងទៀតថា «យើងខ្ញុំទាំងអស់គ្នា នឹងចងចាំអំពីកម្ពុជា នឹងប្រាប់ដល់កូនចៅជំនាន់ក្រោយ ពីទឹកចិត្តដ៏ល្អប្រពៃនេះ»។

ឯកឧត្តម គួច ចំរើន ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនដល់នាវិកទាំងអស់ និងបានជូនពរដល់ក្រុមនាវិក និងអ្នករួមដំណើរទាំងអស់ ទទួលបានសេចក្តីសុវត្ថិភាព ក្នុងដំណើរវិលត្រលប់កាន់គោលដៅបន្តនាពេលខាងមុខនេះ ហើយកម្ពុជារីករាយស្វាគមន៍ ដល់ក្រុមនាវិក និងភ្ញៀវទេសចរទាំងអស់ នៃនាវា Westerdam មកកម្សាន្ដនៅខេត្តព្រះសីហនុ ជាបន្តទៀត៕