ក្រសួងទេសចរណ៍៖ ចេញដើរលេងតាមរយៈបណ្ណកម្សាន្តដែលមានតម្លៃសមរម្យ បន្ថយការចំណាយ ២០-៣០% បើធៀបនឹងការធ្វើដំណើរខ្លួនឯង


ក្រសួងទេសចរណ៍បានដាក់ចេញការអនុវត្តប្រព័ន្ធបណ្ណដំណើរកម្សាន្ត ដែលមានតម្លៃសមរម្យសម្រាប់សិស្ស និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការ និយោជិត កីឡាករ កម្មករ និងប្រជាពលរដ្ឋដែលចង់បានដំណើរកម្សាន្តក្នុងប្រទេស ដែលអាចកាត់បន្ថយការចំណាយចាប់ពី ២០-៣០% ប្រើប្រៀបធៀបទៅនឹងការធ្វើដំណើរផ្ទាល់ខ្លួនឯង។

បណ្ណដំណើរកម្សាន្តដែលមានតម្លៃសមរម្យនេះ មានគោលបំណងជំរុញកំណើនភ្ញៀវទេសចរក្នុងស្រុក ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ តាមរយៈការលើកទឹកចិត្តឲ្យមានដំណើរកម្សាន្តយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ជំរុញបែងចែកភ្ញៀវទេសចរទៅកាន់គោលដៅដែលមានភ្ញៀវទេសចរតិច និងគោលដៅទេសចរណ៍ថ្មីៗ ចូលរួមគាំពារដល់វិស័យទេសចរណ៍ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្សារភ្ជាប់សកម្មភាពទេសចរណ៍ទៅនឹងការអប់រំពីបរិស្ថាន សង្គម វប្បធម៌ និងសកម្មភាព មនុស្សធម៌ដល់ប្រជាសហគមន៍មូលដ្ឋាន។

បណ្ណដំណើរកម្សាន្តដែលមានតម្លៃសមរម្យនេះ គឺផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាធានាលើសុវត្ថិភាពថវិកា ធានាសុវត្ថិភាពនៃការធ្វើដំណើរ និងផ្តល់ទំនុកចិត្តខ្ពស់ សម្រួលដល់ពេលវេលា និងការសម្រេចចិត្ត ផ្តល់ភាពងាយស្រួលក្នុងការស្វែងរកតំបន់គោលដៅទេសចរណ៍ និងអាចកាត់បន្ថយការចំណាយចាប់ពី ២០-៣០% ប្រើប្រៀបធៀបទៅនឹងការធ្វើដំណើរដោយផ្ទាល់។

សូមជម្រាបថា ក្រុមហ៊ុនទេសចរណ៍មួយចំនួន ក៏ដូចជាក្រសួងទេសចរណ៍បានលក់ចេញនូវកញ្ចប់ទស្សនកិច្ចជាច្រើន ក្នុងតម្លៃសមរម្យរួចមកហើយកន្លងទៅ ជាក់ស្តែងក្នុងពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងខាងមុខនេះ ក្រសួងទេសចរណ៍បានប្រកាសលក់កញ្ចប់ទស្សនកិច្ច ៣យប់ ៤ថ្ងៃ ផងដែរ ក្នុងនោះមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប។

ចំពោះព័ត៌មាននេះ សិស្ស និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការ និយោជិត និងប្រជាពលរដ្ឋទាំងអស់អាចស្វែងរកព័ត៌មានលម្អិតទៅតាមវេបសាយ និងកម្មវិធីឆ្លាតវៃទូរស័ព្ទ Visit Cambodia។

នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២០ អង្គសន្និបាតបានគាំទ្រការដាក់ចេញការផ្សព្វផ្សាយ និងអនុវត្តយន្តការបណ្ណដំណើរកម្សាន្តដែលមានតម្លៃសមរម្យយ៉ាងពេញទំហឹង៕