មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ច្រកចូលទីផ្សារ​របស់កម្ពុជា​ទៅកាន់ប្រទេស​ជាដៃគូ ក្រោមក្រប​ខណ្ឌ​ពាណិជ្ជកម្ម​សេរី


នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋាន​ជំរុញពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី “ច្រកចូលទីផ្សាររបស់កម្ពុជា​ទៅកាន់ប្រទេសជា​ដៃគូ ក្រោមក្របខណ្ឌពាណិជ្ជកម្មសេរី” ដែលប្រព្រឹត្ត​ទៅក្រោមអធិបតីភាព​ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ភូ លិ អភិបាលរង នៃគណៈអភិបាលខេត្តកំពត នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ខេត្តកំពត ក្នុងនោះក៏មានការចូលរួមពីសំណាក់លោក-លោកស្រីជាប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្មខេត្ត មន្ត្រីរាជការជុំវិញខេត្ត ផលិតករ និងអាជីវករជាច្រើនកុះករ។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយពីបច្ចុប្បន្នភាពតម្រូវការទីផ្សារ និងលក្ខខណ្ឌតម្រូវនាំចូលទៅកាន់ប្រទេសជាដៃគូ ដែលទទួលបានក្រោមក្របខណ្ឌពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី សម្រាប់លើកកម្ពស់ផលិតកម្មក្នុងស្រុក ចាប់យកឱកាសពាណិជ្ជកម្ម និងជំរុញការធ្វើពិពិធកម្ម នាំចេញឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យឯកជន ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ និង បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួច សំដៅបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជា កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងការធ្វើ ពិពិធកម្មសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារប្រកបដោយគុណភាពថែមទៀតជូនប្រជាជនកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមគណៈអធិបតី បានអបអរសាទរចំពោះអំណោយដ៏ថ្លៃថ្លា និងជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ផ្សារគំរូព្រំដែនជូនដល់ខេត្ត ដែលជាឱកាសដ៏សំខាន់សម្រាប់ជំរុញផលិតកម្មតាមមូលដ្ឋាន បង្កើនប្រាក់ចំណូលរបស់ប្រជាជន និងប្រែក្លាយនិគមជនបទ ឱ្យក្លាយជាទីផ្សារសម្រាប់ចែកចាយនៅហ្នឹងកន្លែង និងនាំចេញ។

ឯកឧត្តម បានថ្លែងបន្តថា សហគ្រាស ធុនតូច និងមធ្យម(SME) ដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន ដែលបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ហើយរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រសហគ្រាសធុនតូច និងមធ្យម (SME) ហើយបានប្រឹងប្រែងជំរុញវិស័យនេះ តាមរយៈក្របខណ្ឌការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមឆ្នាំ២០០៥-២០១០ យុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅពង្រីក និងធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម តាមរយៈជំនួយបច្ចេកទេស ធនធានហិរញ្ញវត្ថុ(ធនាគារ SME) និងការគាំទ្រទីផ្សារជាដើម ហើយវិស័យSME អាចរឹងមាំបាន គឺត្រូវមានការចូលរួមគាំទ្រពីវិស័យសាធារណៈ វិស័យឯកជន និងអ្នកប្រើប្រាស់ដោយខិតខំពង្រឹងគុណភាព និងស្តង់ដារឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បី៎ឱ្យប្រជាពលរដ្ឋ តាមរយៈការងាកមកប្រើប្រាស់ផលិតផលខ្មែរ ជំនួសផលិតផលនាំចូល។