ខេត្តសៀមរាប​ប្រមូលថវិកាសប្បុរសធម៌បានចំនួនជាង៥ម៉ឺនដុល្លារអាម៉េរិកដើម្បីយកទៅជួយទ្រទ្រង់មន្ទីរពេទ្យ និងប្រជាជនដែលរស់នៅទីក្រុងវូហាន


មហោស្រពអាណាចក្រអង្គរ សហការជាមួយការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំធ្វើកម្មវិធីសម្តែងសិល្បៈសប្បុរសធម៌មួយ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងកៀរគរថវិកាពី សប្បុរសជនដើម្បីជួយដល់ប្រជាជនក្រុងវូហាន ខេត្តហឺប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបាននឹងកំពុងឆ្លងជំងឺ Covid-19 ។

ឯក​ឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប​ បានមានប្រសាសន៍ថា បន្ទាប់ពីផ្ទុះជំងឺកូរ៉ូណា ឬ Covid-19 មក ទីក្រុងវូហានត្រូវបានបិទទាំងស្រុង ទាំងទីផ្សារ ជំនួញ ភោជនីយដ្ឋាន រោងចក្រ សាលារៀន កន្លែងកម្សាន្តនានា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគដ៏សាហាវនេះ។ ប៉ុន្តែទោះបីរដ្ឋបាលប្រជាជនក្រុងវូហាន ក៏ដូចជារដ្ឋាភិបាលប្រជាជនចិនបានចាត់វិធានការតឹងរ៉ឹងយ៉ាងណាក្តីក៏ជំងឺCovid-19នេះ នៅតែអាចបន្តឆ្លងរាតត្បាតពាសពេញទីក្រុងទាំងមូល។ កត្តាទាំងនេះក្រុងវូហាន មានកង្វះខាតថវិកា សម្ភារៈបរិក្ខារពេទ្យ ថ្នាំពេទ្យ ម៉ាស់ សម្លៀកបំពាក់ វ៉ែនតា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ហើយទីក្រុងវូហានកំពុងត្រូវការសម្ភារៈទាំងនេះ ជាបន្ទាន់ដើម្បីយកទៅព្យាបាលអ្នកជំងឺ Covid-19 ដែលកំពុងសម្រាកព្យាបាលជំងឺ ក៏ដូចជាទប់ស្កាត់ការរាតត្បាតនៃមេរោគនេះ។ ដូច្នេះដើម្បីចូលរួមចំណែកដោះស្រាយទុក្ខលំបាកដល់ប្រជាជនក្រុងវូហាន ទាមទារឱ្យមានការចូលរួមពីមិត្តភក្តិ បងប្អូន និងមហាជនទូទៅពីគ្រប់មជ្ឈដ្ឋានទាំងសហគមន៍ជាតិ-អន្តរជាតិ ក្នុងការបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងសកម្មភាពមនុស្សធម៌។

ឯកឧត្តមអភិបាលខេត្តបានបន្តថា កន្លងមកនេះរដ្ឋបាលខេត្តសៀមរាប បានផ្តល់ម៉ាស់ការពារចំនួន ១២០.៤០០ម៉ាស់ ជូនដល់ខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពក្នុងនោះ ខេត្តយូណាន ចំនួន ២០.៤៥០ម៉ាស់ ក្រុងណានជីងចំនួន២០.៤៥០ម៉ាស់ ក្រុងឆុងឈីងចំនួន៦៤.៥០០ម៉ាស់ និងក្រុងលីសួយចំនួន១៥.០០០ម៉ាស់។ ទន្ទឹមនឹងនេះដែរ ដើម្បីចូលរួមកាត់បន្ថយការលំបាករបស់មិត្តចិន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសផ្តល់ម៉ាស់ចំនួន ៣០០.០០០ម៉ាស់ និងសម្លៀកបំពាក់ការពារការឆ្លងជំងឺCovid-19  ជូនដល់ក្រសួងការពារជាតិចិនផងដែរ។ សម្រាប់ខេត្តសៀមរាបនៅពេលនេះ គឺមហោស្រពអាណាចក្រអង្គរសហការជាមួយការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាបនិងរដ្ឋបាលខេត្តសៀមរាប បានរៀបចំធ្វើកម្មវិធីសម្តែងសិល្បៈសប្បុរសធម៌មួយ ក្នុងគោលបំណងកៀរគរថវិកាពីសប្បុរជនដើម្បីជួយដល់ប្រជាជនក្រុងវូហាន ដែលបាននិងកំពុងឆ្លងជំងឺ Covid-19។ កម្មវិធីនេះប្រមូលថវិកាបាន​សរុបចំនួន ៥២.៥០១ដុល្លារអាម៉េរិក  ម៉ាស់ចំនួន១.០០០ និងអាកុលសម្លាប់មេរោគ ៣៥០គីឡូក្រាម។

ឯកឧត្តម លីវ ជឺជា ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះកម្ពុជា ជាពិសេសរដ្ឋបាលខេត្តសៀមរាប កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប និងប្រជាជនរស់នៅខេត្តសៀមរាប​ ដែលបាន​ផ្តល់ថវិកាជួយដល់ប្រជាជនក្រុងវូហាន ដែលបាននិងកំពុងឆ្លងជំងឺCovid-19។ បើទោះបីប្រជាជនកម្ពុជានៅក្នុងខេត្តសៀមរាបនេះ មិនមែនជាប្រជាជនអ្នកមានក៏ដោយ ប៉ុន្តែទឹកចិត្តមនុស្សធម៌ និងមិត្តភាពរបស់ពួកគាត់ពិតជាមានទំហំធំណាស់៕