ក្រុមប្រឹក្សាខណ្ឌចំការមន ស្នើឲ្យរដ្ឋបាលខណ្ឌបន្តដោះស្រាយតាមសំណើ និងសំណូមពរជូនប្រជាពលរដ្ឋ


ក្រុមប្រឹក្សាខណ្ឌចំការមន បានស្នើឲ្យរដ្ឋបាលខណ្ឌ ត្រូវបង្ហាញពីស្នាដៃរបស់ខ្លួន ដាក់ក្នុងរបាយការណ៍ឲ្យបានច្បាស់លាស់ លើការដោះស្រាយសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបញ្ជាក់ពីមូលហេតុសេសសល់នូវបញ្ហាការងារ ខែមករា ហើយត្រូវបន្តដោះស្រាយឲ្យបានក្នុងខែកុម្ភៈនេះ ជាពិសេសលើពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ។

ក្នុងនោះប្រធានក្រុមប្រឹក្សាខណ្ឌ ក៏កោតសរសើរដល់គណៈបញ្ជាការឯកភាពខណ្ឌ ដែលបានខិតខំការពារសន្តិសុខក្នុងមូលដ្ឋានបានល្អប្រសើរ។ ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ខ្លួន នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមវត្តមាន​ ឯកឧត្តម ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សា និង ឯកឧត្តម ថេង សុថុល អភិបាលខណ្ឌ ព្រមទាំងមានការចូលរួមពីសមាជិក ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ យោធាភូមិភាគពិសេសខណ្ឌ ការិយាល័យចំណុះ-ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង ០៥ ប្រធានផ្សារទាំង០២ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ជាមួយនេះ ក្នុងកិច្ចប្រជុំក៏បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌលើការបង្ក្រាបបទល្មើស និងខំទប់ស្កាត់បញ្ហាគ្រឿងញៀនតាមមូលដ្ឋានសំរេចបានស្នាដៃ ដោយទទួលបានលទ្ធផលល្អ និងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ ដែលបានមកទទួលសេវា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហាប្រឈមនៅតែកើតមានតាមសង្កាត់ ដូចជាការយកចិញ្ចើមផ្លូវ ធ្វើជាកន្លែងលក់ដូរ ការបង្កភាពអនាធិតេយ្យ បញ្ហាសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ បញ្ហាចរាចរណ៍ និងបញ្ហាគ្រឿងញៀនជាដើម ដែលអាជ្ញាធរខណ្ឌត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ។

ជាមួយគ្នានេះ ឯកឧត្តម ព្រំ សំខាន់ ក៏បានលើកទឹកចិត្តដល់គណៈអភិបាលខណ្ឌ ក្នុងបន្តបង្ក្រាបបទល្មើស និងការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដើម្បីសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌចំការមន មានរបៀបវារៈដូចខាងក្រោម៖

*១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
*២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារខែ មិនា ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
*៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍បិទបញ្ជីចំនូល-ចំណាយថវិកាឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌចំការមន។
*៥-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិករដ្ឋបាលខណ្ឌចំការមន។
*៦-បញ្ហាផ្សេងៗ៕