ASEP11៖ គណៈកម្មការរៀបចំប្រជុំពិនិត្យបូកសរុបលទ្ធផលការងារដែលអនុវត្តកន្លងមក និងដាក់ទិសដៅបន្ត


គណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) បានប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក និងដាក់ទិសដៅអនុវត្តបន្តក្នុងការត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នោះឲ្យទទួលបានជោគជ័យ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដោយមានការចូលរួមប្រជុំពីសំណាក់ ឯកឧត្តម លោកជំទាវ ជា ប្រធាន អនុប្រធាន និងសមាជិកនៃអនុគណៈកម្មនានាចំណុះឲ្យគណៈកម្មការរៀបចំ ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំលេខាធិការដ្ឋានជាតិ ASEP11 និងមន្រ្តីជំនាញអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា តំណាងសួងក្រសួង ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភានិងជាប្រធានលេខាធិការដ្ឋានជាតិ ASEP11 បានរាយការណ៍ជូនកិច្ចប្រជុំពីលទ្ធផលការងារជាច្រើន ដែលបានអនុវត្តនាកន្លងមក ទំាងការងារខ្លឹមសារ ឯកសារ និងការត្រៀមរៀបចំសេវាកម្មផ្សេងៗ ដូចជាសណ្ឋាគារ ដឹកជញ្ជូន ជាដើមនោះ។

ឯកឧត្តមបានគូសបញ្ជាក់ថា បន្ទាប់ពីបានត្រៀមរៀបចំ ចាត់ចែង អស់រយៈពេលជាច្រើនខែមក ពេលនេះ គឺជាពេលវេលាផ្តើមអនុវត្តការងារជាក់ស្តែង ដូចជាការកក់សណ្ឋាគារ សម្រាប់កន្លែងរៀបចំកិច្ចប្រជុំ និងរថយន្តដឹកគណៈប្រតិភូជាដើម។ ចំពោះខ្លឹមសារនិងទម្រង់លិខិតអញ្ជើញគណៈប្រតិភូបរទេសចូលរួមប្រជុំ និងសារលិខិតស្វាគមន៍របស់ប្រធាន ASEP11 បានដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប គឺជាកិច្ចប្រជុំមួយនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ខាងរាជរដ្ឋាភិបាល។ នៅឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាក៏ទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបនេះដែរ។ សម្រាប់កិច្ចប្រជុំភាពជាដៃសភាអាស៊ី អឺរ៉ុបលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នឹងរៀបចំឡើងក្រោមមូលបទ “ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាពនិងការអភិវឌ្ឍដោយចីរភាព”។ សមាជិក ASEP ចំនួន៥៣ដែលក្នុងនោះ៥១ជាស្ថាប័នសភា និង២ទៀតជាអង្គការដៃគូ គ្រោងនឹងអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនៅកម្ពុជានេះ។

បន្ទាប់ពីការជជែកលើបញ្ហាច្រើន ពិសេសនីតិវិធីនិងគោលការណ៍របស់ ASEP រួចមក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានណែនាំដល់សមាជិកទាំងអស់បន្តខិតខំបំពេញការងារគ្រប់មុខសញ្ញា ក្នុងស្មារតីហ្មត់ចត់ គ្រប់ជ្រុងជ្រោយ ប្រកបដោយការទទួលខុសត្រូវ ដើម្បីជាផលប្រយោជន៍ជាតិទំាងមូល។

សូមជម្រាបថា គណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុបនេះ នឹងធ្វើការប្រជុំបូកសរុបការងារនិងដាក់ទិសដៅអនុវត្តបន្តនៅរៀងរាល់មួយខែម្តង៕