ពិធីសម្ពោធដាក់ឲ្យប្រើបា្រស់អាគារសិក្សាវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្ថិតនៅក្នុងឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេកត្កណ្ដាល


ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធី សម្ពោធអាគារសិក្សាវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ដែលស្ថិតនៅក្នុងឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ នៅព្រឹក​ថ្ងៃទី​០១​ ខែមីនា​ ឆ្នាំ​២០២០។
ឯកឧត្តមបានបន្តថា អាគារសិក្សាដែលបានសម្ពោធឱ្យប្រើប្រាស់នាពេលនេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងចំណោមសមិទ្ធផលនានាជាច្រើនរបស់ស្រុកកណ្ដាលស្ទឹង ហើយអាគាសិក្សានេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជា ធានាបាននូវការអប់រំប្រកបដោយគុណភាព ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុក្ខជាវិស័យអប់រំជាវិស័យអាទិភាព ដោយបានធ្វើកំណែទម្រង់ ស៊ីជម្រៅ លើវិស័យអប់រំ ដើម្បីបង្កើនចំណេះដឹងនៅមូលដ្ឋានឲ្យកាន់តែមានគុណភាព។
ឯកឧត្តម ក៏បានសំណូមពរឲ្យក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេណទៅថ្ងៃអនាគត គប្បីខិតខំសិក្សា រៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួមថែរក្សាការពារសមិទ្ធផលនថ្មីនេះឲ្យបានយូរអង្វែង ដោយត្រូវចេះសំអាតអនាម័យ ធ្វើឲ្យមានសោភ័ណភាពផងដែរ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា អាគារសិក្សាថ្មីដែលសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ គឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចំពោះគុណភាពនៃសេវាអប់រំ។ ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តកណ្ដាល រួមជាមួយនឹងមន្ទីរអប់រំយុវជន និងកីឡាខេត្ត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ការប្រលងសញ្ញាប័ត្រគ្រប់កម្រិត ជាពិសេសសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប តាមរយៈការបង្កើតឲ្យមានថ្នាក់បំប៉នបន្ថែម ការជួបសំណេះសំណាលលើកទឹកចិត្តជាមួយ លោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស មុននិងក្រោយពេលប្រឡង និងមានការផ្ដល់រង្វាន់លើកទឹកចិត្តចំពោះសិស្សទទួលបានជ័យលាភី ព្រមទាំងការលួងចិត្តចំពោះសិស្សដែលប្រឡងមិនជាប់ផងដែរ។ ឯកឧត្តមបានឲ្យដឹងថា នៅទូទាំងខេត្តកណ្ដាលមានសិស្សប្រលងជាប់សញ្ញាបត្របាក់ឌុបរហូតដល់ ៧៣.៨០% បើប្រៀបធៀបនឹងឆ្នាំសិក្សា ២០១៧-២០១៨ គឺមានការកើនឡើងចំនួន ០.១៥%។
តាមរបាយការណ៍របស់លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានបញ្ជាក់ថា អាគារសិក្សាមួយខ្នងដែលបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ មានកម្ពស់ ២ជាន់ មាន ១០បន្ទប់ មានទទឹង ៩ ម៉ែត្រ និងបណ្ដោយ ៤៦ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុនរ៉ានី ហ៊ុន សែន។ លោកបានបញ្ជាក់បន្ថែមថាក្នុងឆ្នាំ ២០២០ នេះ នៅទូទាំងស្រុកកណ្តាលស្ទឹង មានសាលារៀនគ្រប់កំរិតចំនួន ៦៨ កន្លែងស្មើនឹង ៥៤៨ ថ្នាក់ មានអាគារសិក្សាសរុប ១៥០ ខ្នងក្នុងនោះសាលាមត្តេយ្យមាន ១៧កន្លែង សាលាបឋមសិក្សា ៣២ កន្លែង អនុវិទ្យាល័យ ១៦កន្លែង វិទ្យាល័យ ៣ កន្លែង អាគារសិក្សារបស់សម្ដេចតេជោ ហ៊ុន សែន មាន ៤០ ខ្នងស្មើនឹង ២១០ បន្ទប់នឹងមានសិស្សសរុបចំនួន ២០២៩២នាក់ ស្រី ១០១៣៥នាក់ និងមានគ្រូសរុបចំនួន ៧៦៩នាក់ ស្រី ៤១៣នាក់។