អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់អាជ្ញាធរស្រុកកងមាស ត្រូវបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ ដោយការរក្សាសន្តិសុខ និងបំរើសេវា


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ០១ ខែមិនា ឆ្នាំ២០២០ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តសុវណ្ណរង្សីអង្គរបាន ស្ថិតក្នុងឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម បានថ្លែងក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំផ្ដល់ទំនុកចិត្ត ដល់ប្រជាពលរដ្ឋ តាមរយៈការបម្រើសេវា និងការថែរក្សាសន្តិសុខជូនពួកគាត់។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ក្នុងខណៈពេលដែលសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានកើតឡើង តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដូច្នេះអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបន្ថែមទៀត ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ ក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ដើម្បីផ្ដល់សេចក្តីសុខ និងភាពរីកចម្រើន ដល់បងប្អូនប្រជាពលរដ្ឋយើង។

ជាងនេះទៅទៀត មន្ត្រីអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាដោះស្រាយ រាល់បញ្ហាដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះ ធ្វើការឆ្លើយតបឲ្យបានឆាប់រហ័សផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យមានភាពក្លាហាន ក្នុងការផ្ដល់ព័ត៌មាន ជូនថ្នាក់ដឹកនាំក្នុងមូលដ្ឋាន នៅពេលជួបប្រទះ នូវបញ្ហាផ្សេងៗ ដើម្បីឲ្យមន្ត្រីយើង ធ្វើសេចក្តីរាយការណ៍ទៅអាជ្ញាធរខេត្ត ដើម្បីជួយរកដំណោះស្រាយ ជូនបងប្អូនបានទាន់ពេលវេលា។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន អនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព លុបបំបាត់ករណីបទល្មើសគ្រឿងញៀន ល្បែងស៊ីសងផ្សេងៗ និងការគោរពច្បាប់ចរាចរណ៍ជាដើម ដើម្បីភាពសុខសាន្ត និងភាពរីកចម្រើន របស់បងប្អូន និងសង្គមជាតិ យើងផងដែរ៕