សម្តេចតេជោ ហ៊ុន សែន៖ ការប្រយុទ្ធនឹង Covid-19 អាចជាមូលហេតុពិតប្រាកដ​​​ ដែលអាមេរិកលើកពេលប្រជុំអាស៊ាន-អាមេរិក


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ការផ្អាកការប្រជុំអាស៊ាន-អាមេរិក មានវិភាគផ្សេងគ្នា រាប់ទាំងការបដិសេធមិនចូលរួមប្រជុំ ដូចជាមេដឹកនាំហ្វីលីពីន, ឥណ្ឌូនេស៊ី​​​ និងមេដឹកនាំម៉ាឡេស៊ី អាចជាមូលហេតុនៃការលើកឡើង ប៉ុន្តែការប្រយុទ្ធនឹង Covid-19 គឺជាការងាររួម និងជាមូលហេតុពិតប្រាកដ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា សម្រាប់មូលហេតុមេដឹកនាំម៉ាឡេស៊ី មិនអាចចូលរួមបាន អាចដោយសារមេដឹកនាំ ទើបតែងតាំងថ្មី។ ប៉ុន្តែការពិតយ៉ាងណានោះ មានតែមេដឹកនាំអាមេរិកទេ​​​ ទើបអាចបកស្រាយច្បាស់។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ៕