រសៀលនេះ ក្រសួងសុខាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការឆ្លើយតបការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូវីដ ១៩ នៅកម្ពុជា


នៅវេលាម៉ោង ៣៖០០នាទី រសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ ក្រសួងសុខាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីការឆ្លើយតប ការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូរ៉ូណាថ្មី ឬ COVID-19 នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

លោកជំទាវបានអះអាងបន្តថា សន្និសីទនេះនឹងធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល ដោយមានការចូលរួមដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីប្រធានអង្គការសុខភាពពិភពលោកនៅកម្ពុជា និងប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។

សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលចិននាព្រឹកថ្ងៃអាទិត្យនេះ បានប្រកាសថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺ COVID-19 នៅក្នុង តំបន់និងខេត្តចំនួន៣១របស់ប្រទេសចិន បានបន្តកើនដល់២,៨៧០នាក់ និងឆ្លងដល់៧៩,៨២៤នាក់។

ជំងឺកូរ៉ូណាថ្មី បានឆ្លងរីករាលដាលកាន់តែខ្លាំងទៅកាន់ប្រទេសមួយចំនួនថែមទៀត ក្នុងនោះមានប្រទេសកូរ៉េខាងត្បូង ប្រទេសអ៊ីតាលី និងប្រទេសអ៊ីរ៉ង់ជាដើម។

នៅក្នុងប្រទេសកម្ពុជាបានរកឃើញការឆ្លងមួយករណីនៅលើខ្លួនជនជាតិចិនម្នាក់ដែលធ្វើដំណើរពីក្រុងវូហាន ប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយជនជាតិចិនម្នាក់នោះត្រូវបានព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនវិញកាលពីដើមខែកុម្ភៈផងដែរ។

យ៉ាងណាក៏ដោយរហូតមកទល់ពេលនេះមិនទាន់មានករណីឆ្លងជំងឺកូរ៉ូណាថ្មី ថែមទៀត នៅក្នុងប្រទេសកម្ពុជាឡើយ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានអះអាងថា នឹងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីពិនិត្យសុខភាពប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូរ៉ូណាថ្មី៕