២ខែដើមឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង១៣ម៉ឺនតោន កើន២០%


លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល២ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករបានជាង១៣ម៉ឺនតោន កើតឡើង២០ភាគរយ។

លោក សុង សារ៉ន បានបញ្ជាក់ថា «កំណើននាំចេញអង្ករក្នុងរយៈពេល២ខែ (មករា និងកុម្ភៈ) បានជាង១៣០,០០០តោន កើនឡើងជាង២០% កើនឡើងគ្រប់ទ្វីបទាំងអស់ ជាពិសេសប្រទេសចិន និង សហគមន៍អឺរុប កំណើននៃការនាំចេញអង្ករនេះ អាចខ្ពស់ជាងនេះបើសិនអត់មាន Covid 19»។

សហព័ន្ធស្រូវអង្ករបានបញ្ជាក់ថា រយៈពេល២ខែនេះ អង្ករកម្ពុជានាំចេញទៅចិន បានចំនួនជាង៥ម៉ឺនតោន កើនឡើង១១%, នាំចេញទៅអឺរ៉ុប និងអង់គ្លេស ជាង៤ម៉ឺនតោន កើន២៣%, នាំទៅប្រទេសសមាជិកអាស៊ានជាង២.៥ម៉ឺនតោន កើនឡើង៤០%។

សូមជម្រាបថា ប្រទេសកម្ពុជា ទទួលបានចំណូលប្រមាណ៥០០លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងបរិមាណ៦២ម៉ឺនតោន នៅឆ្នាំ២០១៩៕