ប្រធានគណៈមេធាវីកម្ពុជា៖«សុខភាព គឺជាកត្តាដ៏សំខាន់ ដែលមិនអាចខ្វះបាន ដើម្បីសម្រេចការងារគ្រប់ជ្រុងជ្រោយ»


(ភ្នំពេញ)៖ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន បានលើកឡើងថា «សុខភាពគឺជាជាកត្តាដ៏សំខាន់ដែល មិនអាចខ្វះបាន ក្នុងការបំពេញភារកិច្ចការងារ ឲ្យមានភាពរលូន បើសុខភាពយើងមានភាពទន់ខ្សោយ យើងមិនអាចបំពេញការងារ បានល្អ និងលទ្ធផលគ្រប់ជ្រុងជ្រោយនោះទេ ខណៈគណៈមេធាវី មានតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងរកយុត្តិធម៌ជូនសង្គមជាតិ ទាំងមូល»។
ប្រធានគណៈមេធាវីបានថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងពិធី ចុះអនុស្សារណៈយោគយល់ រវាងមន្ទីរពេទ្យជោរ៉ៃភ្នំពេញ និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ នាមន្ទីរពេទ្យជោរ៉ៃភ្នំពេញ ដើម្បីផ្តល់ជូនសេវាកម្ម ក្នុងតម្លៃពិសេស ជូនទៅដល់សមាជិក សមាជិកា និងក្រុមការងាររបស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ប៊ុន ហុន បន្តបញ្ជាក់ថា នេះគឺជាលើកទីមួយ នៃផ្នែកវិជ្ជាជីវៈសេរី ក្នុងវិស័យសុខាភិបាល និងវិស័យច្បាប់ដោយនេះគឺជា កិច្ចសហការ ដ៏ល្អ នៅក្នុងការបម្រើដល់សង្គម ហើយនេះ គឺជាការយកចិត្តទុកដាក់ ពីសំណាក់មន្ទីរពេទ្យផងដែរ ជូនចំពោះសមាជិក សមាជិកាគណៈមេធាវី ឲ្យមានសុខភាពល្អ ដើម្បីចូលរួមក្នុងការពង្រឹងយុត្តិធម៌សង្គម និងនិតិរដ្ឋ។ នៅក្នុងពិធីដដែលនេះ លោក ងៀន ហុងណាំ អគ្គនាយកមន្ទីរពេទ្យជោរ៉ៃភ្នំពេញ បានលើកឡើងដែរថា ក្រៅពីពិនិត្យ និងព្យាបាលជូនដល់ប្រជាជនកម្ពុជាមន្ទីរពេទ្យក៏បាន ធ្វើការ ចែករំលែក នូវបទពិសោធន៍បច្ចេកវិទ្យា ក្នុងវិស័យវេជ្ជសាស្ត្រ ដល់វេជ្ជបណ្ឌិតកម្ពុជាផងដែរ ដោយក្នុងនោះកាលពីពេលថ្មីៗកន្លង ទៅនេះ មន្ទីរពេទ្យជោរ៉ៃភ្នំពេញ បានចុះ MOU ជាមួយសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលទៀតផង។
លោកអគ្គនាយកមន្ទីរពេទ្យ បានបន្តថា ស្របទៅតាមបេសកម្មរបស់ខ្លួន គឺត្រូវតួ្រតពិនិត្យ និងព្យាបាល ជូនប្រជាជនកម្ពុជាឲ្យបានល្អ ក្នុងគោលបំណងរឹងចំណងមិត្តភាព នៃទំនាក់ទំនាក់រវាងប្រទេសកម្ពុជា និងវៀតណាម។ តាមរយៈ MOU នេះ មន្ទីរពេទ្យជោរ៉ៃភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការព្យាបាលដល់ប្រជាពលរដ្ឋជារួម និងមន្ត្រីរាជការផងដែរ ដោយនេះគឺជាដំណើរការវិវឌ្ឍន៍ ដើម្បីឲ្យប្រទេសកម្ពុជា កាន់តែមានភាពប្រសើឡើងថែមទៀត៕