អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះពិនិត្យមើលស្ថានភាពផ្ទាល់ផ្សារស្ទឹងមានជ័យ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង ដើម្បីជួសជុលឡើងវិញ


ដោយសារស្ថានភាពផ្សារស្ទឹងមានជ័យ ដែលគេដឹងថា បានសង់ឡើងតាំងពីទសវត្សរ៍ទី៦០ ដោយធ្វើអំពីឈើប្រក់ក្បឿង មកដល់ពេលនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនអាជីវករ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋដែលចូលទៅទិញឥវ៉ាន់នៅក្នុងផ្សារនេះ។

ប្រឈមនឹងបញ្ហានេះ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យមើល ស្ថានភាពផ្ទាល់ ក្នុងទីតាំងស្ទឹងមានជ័យនេះ ដើម្បីធ្វើការជួសជុលផ្សារនេះឡើងវិញ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញដែលជាម៉ែជាឪរបស់បងប្អូនប្រជាពលរដ្ឋ តែងបានគិតគូរយ៉ាងខ្លាំងអំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ។

ឯកឧត្តមថា «នៅពេលនេះ ផ្សារស្ទឹងមានជ័យចាស់ ដែលបានកសាងឡើងតាំងពីទសវត្សរ៍ទី៦០មកនោះ ឃើញថា មានសភាពចាស់ទ្រុឌទ្រោម ហើយវានឹងអាច បង្កគ្រោះថ្នាក់ដល់បងប្អូន អាជីវករនិងប្រជាពលរដ្ឋ ខណៈដែលមានភ្លៀង ឬខ្យល់កន្ត្រាក់ម្តងៗ។ ដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើការជួសជុលផ្សារនេះឲ្យបានល្អប្រសើរឡើងវិញ»

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះ បើបងប្អូនអាជីវករមានការជំទាស់មិនឲ្យធ្វើការជួសជុលឡើងវិញទេ អាជ្ញាធរក៏មិនធ្វើការជួសជុលវិញដែរ។ តែបើមាន ប្រជាពលរដ្ឋអាជីវករមានការគាំទ្រច្រើន លើសពីអ្នកមិនគាំទ្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជួសជុលឲ្យបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង។

គួរបញ្ជាក់ផងដែរថា ផ្សារស្ទឹងមានជ័យតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្សារនេះបានកសាងឡើងក្នុងឆ្នាំ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿងដែលមានទំហំ១៣ ម៉ែត្រគុណ និង១៨ ម៉ែត្រ។ ប៉ុន្តែមកដល់ពេលនេះ ដោយសារសត្វល្អិត ដូចជា កណ្តៀរ ខ្មូតជាដើមជាដើមចូលស៊ី និងដោយសារមានអាយុកាលយូរហើយនោះ បានធ្វើអោយតួអគារមានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យ ស្នើសុំមករដ្ឋបាលរាជធានីឲ្យធ្វើការជួសជុលឡើងវិញ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយយថាហេតុដោយបងប្អូនអាជីវករ និងអតិថិជន៕