នាយកប្រតិបត្តិអង្គការ PEMSEA ចូលជួបពិភាក្សាការងារជាមួយ អភិបាលខេត្តព្រះសីហនុ


នៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ លោកស្រី អែមមី គុសែល (Ms Aimee T.Gonzales) នាយកប្រតិបត្តិអង្គការ PEMSEA ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងពិនិត្យ និងសិក្សាស្វែងយល់ពីការអភិវឌ្ឍថ្មីៗនិងលទ្ធភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលគ្រោងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតតំបន់សមុទ្រអាស៊ីបូព៌ា (EAST ASEAN SEAS Congress) នៅចុងខែ ធ្នូ ឆ្នាំ២០២១ខាងមុខ ដែលជាកិច្ចប្រជុំថ្នាក់តំបន់លើកទី៧ និងជាវេទិកាបណ្ដាញរដ្ឋបាលមូលដ្ឋាន PNLG ។

លោកស្រី អែមមី គុសែល Ms Aimee T.Gonzales នាយកប្រតិបត្តិអង្គការ PEMSEA មានប្រសាសន៍ថា អង្គការ PEMSEA បាននិងកំពុងអនុវត្តគម្រោងក្នុងប្រទេសជាសមាជិកចំនួន ១១ប្រទេស រួមមានប្រទេសកម្ពុជា ចិន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ហ្វីលីពីន កូរ៉េខាងជើង សិង្ហបុរី ទីម័រ និងប្រ ទេសវៀតណាម ដោយមានប្រាំខេត្ត-ក្រុង បាននិងកំពុងអនុវត្តកម្មវិធីគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ បែបសមាហរណកម្ម (ICM) ក្រោមការសម្របសម្រួលនិងការផ្ដល់ជំនួយបច្ចេកទេសពីអង្គការ PEMSEA ។ អង្គការភាពជាដៃគូរក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រអាស៊ីបូព៌ា Partnerships In Environmental Management of the Seas of East Asia ហៅកាត់ថា PEMSEA ក្រោមការគាំទ្រពីអង្គការបរិស្ថានពិភពលោក (GEF) ដែលបានចាប់ផ្ដើមអនុវត្តគម្រោងការការពារ និងគ្រប់គ្រងការបំពុលសមុទ្រចាប់តាំងពីឆ្នាំ១៩៩៣មកហើយមកដល់បច្ចុប្បន្ននេះ ត្រូវបានទទួលស្គាល់ជាអង្គការអន្តរជាតិក្នុងឆ្នាំ២០០៩ ដើម្បីជាយន្តការសម្រាប់សម្របសម្រួលការងារក្នុងតំបន់អាស៊ីបូព៌ា ។ អង្គការ PEMSEA មានការិយាល័យសម្រាប់ធ្វើការជាលេខាធិការដ្ឋានដល់ដៃគូរទាំងអស់នៅទីក្រុង ខេត្ត ដែលមានអាស័យដ្ឋានក្នុងក្រសួងបរិស្ថាន នៃប្រទេសហ្វីលីពីន ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍និងគាំទ្រការរៀបចំមហាសន្និបាតអាស៊ីបូពា៌ EAST ASEAN SEAS Congress លើកទី៧ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ហើយដល់ពេលនោះក្រុង ខេត្តរបស់យើងរៀបចំបានល្អដើម្បីត្រៀមលក្ខណ:បើកមហាសន្និបាតនេះនិងបានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ចំណេះដឹងថ្មីៗរវាងប្រទេសផ្សេងៗ ដើម្បីយកមកកែលម្អកាន់តែស៊ីជម្រៅក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ ៕