ក្រុមហ៊ុនចិន គ្រោងវិនិយោគប្រាក់១០លានដុល្លារ លើផ្នែកវារីវប្បកម្មនៅកម្ពុជា


រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្តម វេ​ង សាខុន បានមានប្រសាសន៍ថា គោលដៅ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នេះ គឺ​ជួយ​ពង្រីក​វិស័យ​វារីវប្បកម្ម​នៅតាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ទន្លេមេគង្គ និង​នៅ​ខេត្ត​ជាប់​សមុទ្រ គឺ​ខេត្ដ​ព្រះសីហនុ​តែម្តង ។

ឯកឧត្តម វេ​ង សាខុន បានបន្ថែមថា ក្រុមហ៊ុន​ចិន​មាន​គម្រោង​ចិញ្ចឹម​ត្រី​ទឹកសាប, ត្រី​ទឹកប្រៃ និង​បង្កើតជា​កន្លែង​ផលិត​ម្សៅ​ត្រី ដើម្បី​ធ្វើជា​ចំណី​ត្រី​ជាដើម។ ក្រុមហ៊ុន​ចិន​នេះ ក៏មាន​គំនិត​ផលិត​សាច់​ត្រី​ជា​ប្រហិត ឬ​ជា​សាច់​ត្រី​ចៀរ​ជា​បន្ទះ​ក្លាស្សេ នាំ​ចេញទៅ​តៃវ៉ាន់ ហុងកុង ប្រទេស​សិង្ហ​បុរី​ផងដែរ។

ឯកឧត្តម វេ​ង សាខុន បានបញ្ជាក់​ថា គម្រោង​វិនិយោគ​នេះ ក្រោយពី​ចុះហត្ថលេខា​នេះ​តទៅ ក្រុមហ៊ុន​ចិន​នឹង​ត្រឡប់មក​ម្តងទៀត ដោយ​បញ្ជូន​ក្រុមការងារ​របស់គេ​មកសិក្សា​ជាក់ស្តែង​អំពី​បញ្ហា​នេះ ដោយ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា គេ​មានបំណង​ដាក់ទុន​ក្នុង​ឆ្នាំ​ដំបូង​រហូតដល់១០លាន​ដុល្លារ ដើម្បី​ពង្រីក មុខរបរ​ផ្នែក​វារីវប្បកម្ម រួមទាំង​បង្កើត ទីកន្លែង​ផលិត​ចំណី​ត្រី​នៅ​កម្ពុជា។