រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរបំបែកសំបុកគ្រឿងញៀនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ


ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១ប្រចាំខែមករា ឆ្នាំ២០១៧ និងផ្សព្វផ្សាយសេចក្ដីសម្រេចរាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅ ទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលពីអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ប្រធានការិយាល័យបង្ក្រាបគ្រឿងញៀនរាជធានី-ខេត្ត ទាំង២៥ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

មានប្រសាសន៍ក្នុងពិធីនោះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាចំៗឱ្យអាជ្ញាធររាជធានីភ្នំពេញ បំបែកសំបុកគ្រឿងញៀនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ត្រពាំងឈូកឱ្យខានតែបាន ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋ។
លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនៃស្នងការដ្ឋានរាជធានីភ្នំពេញបានទទួលយកបទបញ្ជានេះ ដើម្បីបោសសំអាតបញ្ហាគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតំបន់បឹងឈូក។ សម្តេចក្រឡាហោម បានបញ្ជាក់ថា ការបង្ក្រាបគ្រឿងញៀនគឺជារឿងស្នុគស្មាញ និងទាមទារឱ្យមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋផងដែរ។
គួរបញ្ជាក់ថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ នៅកម្ពុជា កម្លាំងសមត្ថកិច្ច បានបង្ក្រាបបានចំនួន១,១៤៤ករណី ឃាត់ខ្លួនជនសង្ស័យដែលជាអ្នកជួញដូរ និងប្រើប្រាស់ចំនួន ២,៧៧៣នាក់៕