ពិធីប្រគល់សមិទ្ធផលគម្រោងដល់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី


ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម អ៊ឹម កុច រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោកស្រី Dagmar Minaříková លេខាទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតសាធារណរដ្ឋឆែក បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សមិទ្ធផលគម្រោងលើកកម្ពស់ការអប់រំបច្ចេកទេស ជូនវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួងព្រះបរមរាជវាំង ភ្ញៀវជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។
នាឱកាសថ្លែងសុន្ទរកថា ឯកឧត្ដមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់សាធារណរដ្ឋឆែក និងកោតសរសើរផងដែរចំពោះសាកលវិទ្យាល័យ Life Science និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានចូលរួមអនុវត្តគម្រោងប្រកបដោយជោគជ័យ ដើម្បីរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានសមត្ថភាពសម្បូរបែបនៅកម្ពុជា ។