ឯកឧត្តម វេង សាខុន ទទួលជួបគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)


នៅទីស្តីការក្រសួង នាវេលាម៉ោង១៦:០០នាទីរសៀល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួបគណៈប្រតិភូអញ្ជើញមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfeng Zhang នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំអាស៊ីអាគ្នេយ៍ទទួលបន្ទុកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម និងសហការី ដើម្បីពិនិត្យការអនុវត្តគម្រោងដែលកំពុងអនុវត្ត និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើកម្មវិធីអាទិភាជាក់ស្ដែងឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងក្នុងវិស័យកសិកម្ម។

ជាកិច្ចស្វាគមន៍ តាមរយៈលោកនាយក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ីដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន បច្ចេកទេស ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមន្ត្រីជំនាញនៃក្រសួង និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងវិស័យកសិកម្ម។ ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងបន្តផ្តល់ការគាំទ្រ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដល់ក្រសួង ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងបរិបទកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៣០ និង២០៥០។

ក្នុងឱកាសនេះផងដែរ លោកនាយក ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការីដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី រួមគ្នាអនុវត្តកម្មវិធី និងគម្រោងទទួលបានលទ្ធផលជាផ្លែផ្កា ជាប្រយោជន៍ដល់ប្រជាកសិករ និងវិស័យកសិកម្មទាំងមូល។ លោកបានបន្ថែមថា ដោយទទួលបានអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រីនាជំនួបកន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការកែសម្រួល និងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់គាំទ្រដល់កម្ពុជាក្នុងវិស័យកសិកម្ម ២០២១-២០២៣ ដែលផែនការយុទ្ធសាស្ត្រថ្មីនេះផ្តោតភ្ជង់ជាសំខាន់ទៅលើការធ្វើកំណែទម្រង់ តាមរយៈការធ្វើទំនើបកម្មកសិកម្ម យន្តុបនីយកម្មកសិកម្ម ពិពិធកម្មកសិកម្ម ការរៀបចំផែនការកំណត់តំបន់ដាំដុះ ការគ្រប់គ្រងនិងប្រើប្រាស់ថ្នាំកសិកម្ម ការកែច្នៃនិងវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព និងការផ្ដល់ប្រាក់កម្ចីជូនសហគមន៍ និងសហគ្រាសខ្នាតតូចនិងមធ្យម ធ្វើយ៉ាងណាបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មឲ្យបានពេញលេញ ដើម្បីបង្កើនតម្លៃបន្ថែមជូនអ្នកផលិត។ មួយវិញទៀត ចំពោះវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្តល់ការគាំទ្រផងដែរ ដែលកម្មវិធីថ្មីនេះគ្រោងនឹងដាក់អនុវត្តក្នុងឆ្នាំ២០២១ ដើម្បីគ្រប់គ្រង ការពារចលនាសត្វ និងជំងឺឆ្លងពីមនុស្សមកសត្វ និងសត្វមកមនុស្ស រួមជាមួយការបង្កើនផលិតកម្មសត្វក្នុងស្រុក។ លោកនាយកក៏បានរាយការណ៍បន្ថែមថា ក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍អាស៊ីបាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋបាលជលផលរៀបចំអនុវត្តកម្មវិធីដើម្បីអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិនៅតាមតំបន់សមុទ្រ និងឆ្នេរសមុទ្រផងដែរ។ កម្មវិធីទាំងអស់នេះសម្រេចទៅបាន គឺត្រូវការការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពពីមន្ត្រីជំនាញរបស់ក្រសួង ដូច្នេះស្នើសុំឯកឧត្តមរដ្ឋមន្ត្រីមេត្តាផ្តល់ការគាំទ្រ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីជាថ្មីម្ដងទៀតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងជាពិសេសផ្តល់ការគាំទ្រដល់គោលនយោបាយកំណែទម្រង់របស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជនសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ ចំពោះកម្មវិធីថ្មីៗទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គឺពិតជាមានវិសាលភាពទូលំទូលាយ និងបានគ្របដណ្តប់គ្រប់គោលដៅរបស់ក្រសួង និងពិសេសបានឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបង្កើនផលិតភាពផលិតកម្មក្នុងស្រុកទាំងផ្នែកដាំដុះ និងផលិតកម្មសត្វ ឈានឆ្ពោះទៅការកាត់បន្ថយការនាំចូល។