សមយុទ្ធនាគមាស២០២០៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្តាំផ្ញើ៦ចំណុច ដល់យោធិននៃកងទ័ពកម្ពុជា-ចិន និងយោធិនពាក់ព័ន្ធ


ថ្លែងក្នុងពិធីបើកសមយុទ្ធនាគមាស២០២០ រវាងកងទ័ពកម្ពុជា-ចិន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្តាំផ្ញើចំនួន ៦ចំណុច ដល់យោធិននៃកងទ័ពប្រទេសទាំងពីរ ក៏ដូចជាយោធិនដែលមានការពាក់ព័ន្ធ។

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបើកសមយុទ្ធនាគមាសឆ្នាំ២០២០ រួមគ្នាលើកទី៤ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ស្ថិតនៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី របស់កងពលតូចថ្មើរ ជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់យោធិននៃកងទ័ពប្រទេសទាំងពីរ ក៏ដូចជាយោធិនដែលមានការពាក់ព័ន្ធ នូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖

១៖ យោធិនគ្រប់រូបនៃកងយោធពលខេមរភូមិន្ទ ត្រូវតែរួមសហការយ៉ាងស្អិតរមួត ចូលរួមអនុវត្តន៍ឲ្យបានជោគជ័យ នូវអនុសាសន៍ផ្តាំផ្ញើដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីខួបលើកទី២០ នៃថ្ងៃបង្កើតកងទ័ពជើងគោក កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩កន្លងមក។ ជាមួយគ្នានេះ ក៏ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ហើយគោរពប្រតិបត្តិឲ្យបានម៉ឺងម៉ាត់ នូវបទវិន័យរបស់កងយោធពលខេមរភូមិន្ទ។

២៖ រាល់បណ្តាកងឯកភាព ស្ថាប័នពាក់ព័ន្ធ និងយោធិនទាំងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្នុងនាមជាម្ចាស់ផ្ទះ ត្រូវដើរតួនាទីឈានមុខ ក្នុងការបង្កឲ្យមានភាពស្និទ្ធស្នាល បង្កើតនូវបរិយាកាសរីករាយ សំដៅធ្វើយ៉ាងណាឲ្យភាគីមិត្តបានយល់ និងកាន់តែជ្រួតជ្រាបកាន់តែស៉ីជម្រៅថែមទៀត អំពីតម្លៃនៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិយើង។ ក្នុងករណីចាំបាច់ ត្រូវចេះជួយសម្របសម្រួល ដល់កម្លាំងភាគីមិត្ត ផ្តល់បទពិសោធន៍ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដោយក្តីស្មោះត្រង់ជ្រះថ្លា ក្នុងនាមសហការីរួមវិជ្ជាជីវៈ។

៣៖ ត្រូវខិតខំក្រេបយកចំណេះដឹង ចំណេះធ្វើថ្មីៗ ល្អៗសម្រាប់ការបំពេញភារកិច្ចការពារ និងកសាងមាតុភូមិរបស់យើង ក៏ដូចជាចូលរួមចំណែកថែរក្សាការពារសន្តិភាព ស្ថិរភាពពិភពលោកឲ្យបានគង់វង្ស។

៤៖ ត្រូវលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាពស្មោះស ក្នុងស្មារតីប្រតិបត្តិការ និងគោរពគ្នាទៅវិញទៅមកដោយស្មើភាព សំដៅធ្វើយ៉ាងណាឲ្យដំណើរការនៃសមយុទ្ធនាគមាស ឆ្នាំ២០២០ ដ៏មានអត្ថន័យ និងមានសារៈសំខាន់នេះ ប្រព្រឹត្តទៅទទួលបានលទ្ធផលខ្ពស់។

៥៖ ពង្រឹងការលើកកម្ពស់សុខភាពឲ្យបានល្អ បង្ការជំងឺឆ្លង ស្របតាមសេចក្តីអំពាវនាវ របស់រាជរដ្ឋាភិបាលកម្ពុជា៖
*សូមកុំឲ្យមានជំងឺភ័យខ្លាចហួសហេតុ
*សូមកុំឲ្យមានជំងឺរើសអើង
*ចូលរួមអនាម័យ សម្អាតខ្លួនប្រាណ ទីកន្លែងរស់នៅស្អាត ការបរិភោគស្អាត និងការស្នាក់នៅមានអនាម័យ។
*បើមានការសង្ស័យ ត្រូវទៅមន្ទីរពេទ្យពិនិត្យ កុំមានការភ័យខ្លាច។

៦៖ គណៈកម្មការ និងក្រុមការងារទាំងអស់ ត្រូវខិតខំអនុវត្តន៍តួនាទីស្នូលរបស់ខ្លួន ឲ្យបានហ្មត់ចត់ និងធានាដោះស្រាយរាល់ការងារផ្គត់ផ្គង់ ការងារធានា បែងចែកឲ្យបានល្អ និងត្រឹមត្រូវទៅតាមគោលរបប ដែលបានកំណត់ ពិសេសត្រូវធានាឲ្យបានសុវត្ថិភាព ទាំងមនុស្ស និងគ្រឿងបំពាក់ទាំងក្នុងពេល និងក្រោយពេលសមយុទ្ធឲ្យបាន ១០០ភាគរយ។

សូមបញ្ជាក់ថា សមយុទ្ធនាគមាស២០២០ រវាងកងទ័ពកម្ពុជា-ចិន លើកទី៤នេះ កងទ័ពរំដោះប្រជាជនចិន បានបញ្ជូនកងទ័ពចូលរួមចំនួន ២៥៦នាក់។ ដោយឡែក កងយោធពលខេមរភូមិន្ទ បានបញ្ជូនកម្លាំងចូលរួមចំនួន ២,៧៤៦នាក់ ក្នុងនោះមានកម្លាំងចូលរួមធ្វើសមយុទ្ធ ដោយផ្ទាល់មានចំនួន ៤៦៣នាក់ ហើយក្រៅពីនោះសុទ្ធតែកម្លាំងសម្រាប់ពិធីបើក និងបិទសមយុទ្ធ។

ចំពោះគ្រឿងបំពាក់សម្រាប់ធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ ភាគីកងយោធពលខេមរភូមិន្ទ ប្រើប្រាស់ឧត្ថម្ភាកចក្រចំនួន ៤គ្រឿង, រថក្រោះ T55 ចំនួន ១០គ្រឿង, រថពាសដែក DMT1 ចំនួន ១២គ្រឿង, និងកាំភ្លើងធំ ១២២ D30 ៦គ្រឿង, ព្រមទាំងកាំភ្លើងត្បាល់ចំនួន ១២ដើម, រួមជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិជាច្រើនដើមទៀត, ហើយថែមទាំងមានឧបករណ៍សម្រាប់ស៉ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, ឧបករណ៍សម្រាប់រំដោះចំណាត់ខ្មាំង និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាដើម។ សម្រាប់កងទ័ពរំដោះប្រជាជនចិន ប្រើប្រាស់ឧត្ថម្ភាកចក្រ ចំនួន ៦គ្រឿង, កាំភ្លើងធំ ១២២ D30 ចល័ត ចំនួន ៣ដើម, រថពាសដែក ចំនួន ៩គ្រឿង ព្រមទាំងគ្រឿងយន្តដទៃទៀត សម្រាប់បម្រើដល់ការងារសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ ចំនួន២៨គ្រឿង និងឧបករណ៍ជាច្រើនទៀតផងដែរ។

នេះជាលើកទី៤ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕