ជប៉ុនអញ្ជើញកម្ពុជា ទៅចូលរួមវេទិកា APWS លើកទី៤


រាជរដ្ឋាភិបាលជប៉ុន បានអញ្ជើញរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមវេទិកាបរិស្ថានទឹកអាស៉ី-ប៉ាសីហ្វិក លើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុន ក្នុងខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមលទ្ធផលជំនួបរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោក ISHIKAWA Hiroshi ជំនួយការរដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា បើតាមជំនួយការរដ្ឋមន្រ្តីការបរទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមវេទិកា APWS លើកទី៤។ លើសពីនេះ ជប៉ុននឹងរៀបចំឲ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសផងដែរ ហើយជប៉ុនថែមទាំងបានអញ្ជើញ ឯកឧត្តម ប្រាក់ សុខុន ផ្តល់កិត្តិយសទៅចូលរួម។ ឯកឧត្តម ប្រាក់ សុខុន ឆ្លើយតបថា ឯកឧត្តមនឹងអញ្ជើញចូលរួមកិច្ចប្រជុំនោះ តាមការអញ្ជើញរបស់ជប៉ុន។

ឯកឧត្តម កុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកឧត្តមក៏បានលើកឡើងអំពីជប៉ុននឹងរៀបចំឲ្យមានវេទិកាអាស៉ី-ប៉ាស៉ីហ្វិក ស្តីពីបរិស្ថានទឹក នៅខែតុលាឆ្នាំនេះ ដែលក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងអញ្ជើញចូលរួម ហើយជប៉ុននឹងរៀបចំឲ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លើយតបថា ឯកឧត្តមនឹងអញ្ជើញចូលរួម»

សូមបញ្ជាក់ថា វេទិកាបរិស្ថានទឹកអាស៉ី-ប៉ាស៉ីហ្វិក នឹងត្រូវប្រារព្ធឡើងនៅខែតុលា ឆ្នាំ២០២០ នៅទីក្រុង គូម៉ាតូម៉ូ ប្រទេសជប៉ុន។ វេទិកានេះ នឹងមានប្រតិភូជាន់ខ្ពស់ចូលរួម មានដូចជា ថ្នាក់នាំរដ្ឋាភិបាល និងតំណាងរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ក៏ដូចជាតំណាងមកពីអង្គការអន្តរជាតិនានា នៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក ដែលវេទិកានេះដែរ នឹងពិភាក្សាអំពីបញ្ហាពាក់ព័ន្ធផ្សេងៗទាក់ទងនឹងទឹក។

APWS លើកទឹក៤ ក៏នឹងចែករំលែកជាមួយពិភពលោក ស្តីពីកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់ទីក្រុងគូម៉ាតូម៉ូ ក្នុងការអភិរក្សទឹកក្រោមដី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ខ្លួន ពីការរញ្ជួយដីគូម៉ាម៉ូតូ នៅឆ្នាំ២០១៦។ APWS លើកទី៣ ក្នុងឆ្នាំ២០១៧ បានធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ហើយក៏បានអនុម័តសេចក្តីប្រកាសក្រុងយ៉ាំងហ្គោន ដើម្បីបង្ហាញទិសដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងទស្សនវិស័យលើទឹក៕