កាត់ឬសសីមា និងសម្ភោធសមិទ្ធិផលនៅវត្តអណ្តូងត្របែក តម្លៃ៣៥ម៉ឺនដុល្លារ, លោកជំទាវ ម៉ែន សំអន៖ ខេត្តស្វាយរៀងពីអតីតកាលជាសមរភូមិក្តៅ តែឥឡូវបានក្លាយជាតំបន់អភិវឌ្ឍលើគ្រប់វិស័យ


(ស្វាយរៀង)៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា សម្រាប់ខេត្តស្វាយរៀងពីអតីតកាល គឺជាទីតាំង និងសមរភូមិក្តៅ ប៉ុន្តែបច្ចុប្បន្ននេះ បានប្រែក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមជាមួយនឹងរោងចក្រ សហគ្រាស ក្រុមហ៊ុនតូចធំ ដែលបានជំរុញកំណើនសេដ្ឋកិច្ច នៃខេត្តស្វាយរៀងបានមួយកម្រិត និងជួយកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថការធ្វើចំណាកស្រុកជាដើម។

ការថ្លែងរបស់លោកជំទាវ ម៉ែន សំអន យ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោកស្រីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនៅក្នុងវត្តពោធិ៍ឧត្តម (ហៅវត្តអណ្តូងត្របែក) ស្ថិតក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដែលមានប្រជាពលរដ្ឋជាង ១០០០នាក់ផងដែរ។

លោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងពាំនាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកស្រី អ៊ូ សាន នូវការសាកសួរសុខទុក និងសេចក្តីនឹករលឹកចំពោះបងប្អូនទាំងអស់គ្នាដែលមានវត្តមាននាថ្ងៃនេះ។

លោកជំទាវក៏បានថ្លែងអំណរព្រះគុណចំពោះ ព្រះមុន្នីចន្ទធម្មោ នេត សែម ព្រះចៅអធិការវត្តពោធិ៍ឧត្តម និងអតីតគណៈកម្មការ និងព្រះចៅអធិការវត្តគ្រប់ជំនាន់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អ៊ូ សាន (សម្តេច និងលោកស្រី គឺជាអ្នកផ្តើមបុណ្យ) ព្រមទាំងសប្បុរសជនជាច្រើនទៀត រួមជាមួយ នឹងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងអង្គភាពជុំវិញខេត្តស្វាយរៀង ដែលបានរួមសា ម គ្គី គ្នាដោយបានចលនាគៀងគរថវិកាមកកសាង ព្រះវិហារ ដងទង់ សាលាបាលី វច្ចកុដ្ឋ និងចាក់ដីបំពេញក្នុងវត្ត ដែលបានចំណាយអស់ថវិកា ៣៥០.០០០$ ដូចដែលយើងទាំងអស់ គ្នាបាននឹងកំពុងរៀបចំពិធីនាពេលនេះ។

លោកជំទាវ ម៉ែន សំអន បានបន្តថា សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានគិតគូរប្រាក់ខែដល់កម្មករ-កម្មការិនីរោងចក្រ ដែលជាប់គាំងពុំមានដំណើរការ ក្នុងអំឡុងពេលវត្ថុធាតុដើមផ្គត់ផ្គង់មិនទាន់ នៅពេលដែលមានការវាយលុកពី វីរុសកូរូណា COVID-19 នេះ គឺរដ្ឋាភិបាលបានចេញ ២០ភាគរយ ចំណែកឯម្ចាស់រោងចក្របានចេញ ៤០ភាគរយរួមជាមួយនឹង ការទទួលបាននូវការបណ្តុះ បណ្តាល ជំនាញពីមន្ទីរការងារខេត្តស្វាយរៀងផងដែរ។

លោកជំទាវ ម៉ែន សំអន ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិត្រូវ៖

*១៖ ការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុត ដែលការញរខ្លួនបានពីជំងឺគ្រប់ប្រភេទ រួមទាំងជម្ងឺ COVID-19 ផងដែរ ខណៈពេលដែល ១៤៤ប្រទេស នៅលើពិភពលោកកំពុងតែជួបនឹងបញ្ហា ដោយសារការឆ្លង រាលដាលវីរ៉ុសកូរ៉ូណា ឬ COVID-19 នេះ ដែលមានអ្នកបានឆ្លងដល់ទៅជិត ១៦ម៉ឺននាក់ និងមានអ្នកស្លាប់ដល់ទៅជាង ៦ពាន់នាក់។
*២៖ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ពង្រឹងនូវភូមិ-ឃុំ មានសុវត្ថិភាពនៅមូលដ្ឋាន និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
*៣៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវា អប់រំសុខភាព ការបង្ការជំងឺ និងផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
*៤៖ ដោយសារតែការកើនឡើងនៃកម្តៅផែនដី និងបាតុភូតធម្មជាតិនានា ដែលអាចកើតឡើងជាយថាហេតុ ខ្ញុំស្នើឲ្យបងប្អូនទាំងអស់គ្នាត្រូវថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៕