នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអនុញ្ញាតឲ្យគណៈប្រតិភូ គណៈកម្មាធិការសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍ នៃរដ្ឋសភាអាឡឺម៉ង់ ដឹកនាំដោយ លោកជំទាវ ដាកម៉ា ជីវូល (Dagmar G.Wohrl) ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។
លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋសភាកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញដំណើរលទ្ធិប្រជាធិបតេយ្យ ហើយបាននឹងកំពុងដំណើរទៅមុខយ៉ាងល្អ។
ដំណើរទស្សនកិច្ច របស់លោកជំទាវ ពេលនេះបានជំរុញទំនាក់ទំនងប្រទេសទំាងពីរឲ្យរឹងមាំឡើងថែមទៀត។ ក្នុងន័យនេះសម្តេចសូមថ្លែងអំណរគុណជ្រាលជ្រៅ ដល់រដ្ឋាភិបាល និងប្រជាជនអាឡឺម៉ង់ ដែលបានផ្តល់ជំនួយយ៉ាងសន្ធឹកសន្ធាប់ ដល់កម្ពុជា ក្នុងវិស័យកសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ និងដំណើរលទ្ធិប្រជាធិបតេយ្យ ជាដើមនោះ។
សម្តេចក៏បានស្នើដល់គណៈប្រតិភូរបស់លោកជំទាវ មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះជួយផ្សព្វផ្សាយ និងជំរុញសក្តានុពលទេសចរ វិនិយោគ របស់កម្ពុជា ដល់ប្រជាជនអាឡឺម៉ង់បានដឹង និងបានមកបណ្តាក់ទុន ធ្វើទេសចរណ៍កម្សាន្ត នៅកម្ពុជាឲ្យបានច្រើនឡើង