អគ្គនាយករងកិច្ចការបច្ចេកទេស ដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ធ្វើការចុះពិនិត្យស្ទឹងកំពង់ត្រាច


ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៧ លោកចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ធ្វើការចុះពិនិត្យស្ទឹងកំពង់ត្រាច-កីចក ដែលជាប្រព័ន្ធធារាសាស្ត្រខ្នាតធំមួយ លាតសន្ធឹងលើផ្ទៃដីប្រមាណ ៥០.០០០ ហិកតា នៅក្នុងស្រុករមាសហែក រំដួល ស្វាយទាប កំពង់រោទ៍ ចន្ទ្រា និងក្រុងបាវិត ខេត្តស្វាយរៀង ។
ដោយពិនិត្យឃើញថា ផ្ទៃដីបង្កបង្កើនផលមានច្រើន ហើយបងប្អូនប្រជាកសិករបង្កើនការដាំដុះទាំងប្រាំង និងវស្សា អាចធ្វើឲ្យប្រព័ន្ធនេះប្រឈមនឹងកង្វះខាតទឹកសម្រាប់ផ្គត់ផ្គង់នាពេលអនាគត ។
ចំពោះមុខបញ្ហានេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមអ្នកបច្ចេកទេសរបស់ក្រសួង ដឹកនាំដោយលោក ចាន់ សុីណាត សហការជាមួយទីប្រឹក្សាបច្ចេកទេសរបស់ ADB ធ្វើការសិក្សាបន្ថែមទៅលើប្រព័ន្ធប្រឡាយមេតាដុក ដែលមានប្រវែង ៦០ គម ។
ការស្តារឡើងវិញនូវប្រព័ន្ធប្រឡាយមេតាដុកនេះ គឺដើម្បីទាញទឹកពីទន្លេមេគង្គ ត្រង់ចំណុចឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងពីតំបន់ផ្ទៃរងទឹកភ្លៀងនានា ទៅបន្ថែមឲ្យស្ទឹងកំពង់ត្រាចដែលជាប្រភពទឹករស់របស់ប្រព័ន្ធធារាសាស្រ្តកីចកផង និងដើម្បីបម្រើដល់ការស្រោចស្រពលើផ្ទៃដីកសិកម្ម កសិ-ឧស្សាហកម្មប្រមាណ ៣៥.០០០ ហត នៅក្នុងផ្នែកខ្លះនៃខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀងផង ។
ដោយឡែក នៅតំបន់ជាប់ព្រំដែនវៀតណាមវិញ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើការសិក្សាគ្រោងប្លង់លើគំរោងប្រពន្ធ័ធារាសាស្រ្តកំពង់ត្រាច ដែលមានប្រឡាយមេ ប្រវែងប្រមាណ ៤០ គម និងប្រឡាយរងជាច្រើនខ្សែទៀត ដើម្បីទាញទឹកពីស្ទឹងកំពង់ត្រាច ទៅផ្គត់ផ្គង់ដល់ដីកសិកម្មនៅតំបន់នោះ ៕