អាវុធហត្ថរាជ​ធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយ​អំពីផែន​ការការ​ពារសុវត្ថិភាព​ប្រជាពលរដ្ឋ អំឡុងបុណ្យ​ចូលឆ្នាំ​ ចិន-​វៀតណាម


(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រជុំស្តីពីការផ្សព្វផ្សាយផែនការ​ការពារប្រជាពលរដ្ឋ នៅអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម សម្រាប់ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការរង​កងរាជអាវុធ​ហត្ថលើ​ផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធ​ហត្ថរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានលើកយកបញ្ហាសំខាន់ៗមួយចំនួន ដាក់ឲ្យកម្លាំងក្រោមឱវាទទាំងអស់ត្រូវអនុវត្តឲ្យបាន។ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ដូចជា៖
១. ដោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម ជិតចូលមកដល់ អាវុធហត្ថរាជធានី ភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់ពីឥឡូវទៅ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវឃ្លាំមើលតាមចាប់មុខសញ្ញា និង បក្សពួកជនល្មើសដែលនៅសេសសល់កន្លងមកឲ្យបាន។
២.  កម្លាំងអាវុធហត្ថរាជធានីភ្នំពេញគ្រប់រូប ត្រូវមានក្រមសីលធម៌ សុជីវធម៌ គោរពសិទ្ធមនុស្ស គ្រប់ពេលបំពេញបេសសកម្មរបស់ខ្លួនទាំងក្នុងនិងក្រៅអង្គភាព។
៣.  ត្រូវចះដាស់តឿនក្រើនរំលឹកក្រុមគ្រួសារបងប្អូនសាច់ញាតិ ព្រមទាំងខ្លួនឯងផ្ទាល់ ត្រូវគោរពនិងអនុវត្តច្បាប់​ឲ្យបានម៉ឹងម៉ាត់ ពិសេសច្បាប់ចរាចរ ដើម្បីការពារសុវត្ថិភាព និងអាយុជិវិតរបស់យើងទាំងអស់គ្នា។
៤. ​ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា បំរើការពារ​ប្រជាពលរដ្ឋ និងសុខ សន្តិភាព​ក្នុងសង្គម ជាពិសេសត្រូវស្មោះត្រង់ បំរើការពាររាជរដ្ឋាភិបាលស្របច្បាប់ នាពេលបច្ចុប្បន្ន និងទប់ស្កាត់ឲ្យខាងតែបាននូវរាល់​ការប៉ុងប៉ងណាមួយ​ដែលមានគោលបំណផ្តួលរំលំរាជរដ្ឋាភិបាល និងបំផ្លិចបំផ្លាញដល់ ស្ថេរភាពនយោបាយសុខសន្តិភាព ក្នុងសង្គមជាតិកម្ពុជា ជាដើម។
ក្រោយពីបញ្ចប់កិច្ចប្រជុំ លោក រ័ត្ន ស្រ៊ាង បានធ្វើការបើកចែកសម្ភារៈ ដែលបានដោះស្រាយទិញបំពេញបន្ថែមលើគោលរបប បំពាក់ជូនដល់នាយ នាយរង អាវុធហត្ថទាំងអស់ទូទាំងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជំនួសឲ្យសម្ភារៈ ដែលប្រើប្រាស់ចាស់ឬខូចខាតកន្លងមក។ សម្ភារៈទាំងអស់នោះរួមមាន ៖ សម្លៀកបំពាក់កាត់ជូនថ្មីម្នាក់ ១កំប្លេរ, ស្បែកជើង កវែងម្នាក់១គូ, ខ្សែក្រវ៉ាត់, ម៉ូកប៉េរេខៀវ, មួកម៉ូតូ, ខ្សែសាំងតេរ៉ុង, អាវកាក់ពន្លឺ និងស្រោមអាវុធខ្លី K54 ម្នាក់១ឈុតដូចៗគ្នា៕