រដ្ឋមន្រី្តក្រសួងសុខាភិបាល ចុះពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ របស់មនី្ទរពេទ្យអង្គឌួង


(ភ្នំពេញ)៖ បច្ចុប្បន្នក្រសួងសុខាភិបាល កំពុងខិតខំនៅថ្នាក់មូលដ្ឋាន ឲ្យមានមណ្ឌលសុខភាព ឲ្យមានមនី្ទរពេទ្យបង្អែក កាន់តែរឹងមាំថែមទៀត ។ នៅពេលខាងមុខនេះ ក្រសួងមានផែនការកសាងមនី្ទរពេទ្យថ្មី នៅខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបបង្កើតថ្មី ។
នេះបើយោងតាមការលើកឡើងរបស់ រដ្ឋមន្រី្តក្រសួងសុខាភិបាល លោកវេជ្ជបណិ្ឌត ម៉ម ប៊ុនហេង ក្នុងឱកាសចុះសួរសុខទុក្ខអ្នកជំងឺ និងពិនិត្យអគារថ្មី ដែលកំពុងផ្តល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ, នៅមនី្ទរពេទ្យព្រះអង្គឌួង ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ ។ លោករដ្ឋមន្រី្តបានថ្លែងបន្ដទៀតថា «សូមកោតសរសើរដល់មន្រី្តបុគ្គលិក សុខាភិបាល និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលពួកគាត់ខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីបំរើសុខភាពប្រជាពលរដ្ឋរបស់យើង និងពិនិត្យមើលប្រសិទ្ធពីការថែទាំអ្នកជំងឺ»។
លោកថ្លែងបន្ដថា «វិជ្ជាជីវៈ បាននឹងកំពុងមានការគាំទ្រពីប្រជាពលរដ្ឋ យុវជន ហើយមួយផ្នែកនៃអគារភ្នែក គឺពិនិត្យ ឃើញថាល្អ ប៉ុន្តែអគារខាងត្រចៀក ច្រមុះ បំពង់ក កំពុងបានជួសជុល និងកែលម្អអគារឲ្យថ្មីឡើងវិញ ហើយ បើឃើញថា មានការខ្វះខាតអ្វី ខាងមនី្ទរពេទ្យ ត្រូវធ្វើរបាយការណ៍ឡើងទៅកាន់ក្រសួង ដើម្បីក្រសួងបានពិនិត្យ និងដោះស្រាយតាមសំណូមពរ របស់ប្រធានមនី្ទរពេទ្យ ដែលបានដាក់សំណើរទៅ»។
លោករដ្ឋមន្រី្តក៏បានផ្តាំផ្ញើឲ្យមន្រី្តសុខាភិបាល ត្រូវយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៏រួមទាំងអស់គ្នា ព្រោះអគារនេះអាចជួយឲ្យមនី្ទរពេទ្យព្រះអង្គឌួងយើង មានអគារ និងសម្ភារ បច្ចេកទេសទំនើបទាន់សម័យ ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍន៏ ឥតឈប់ឈរ ។ ដូច្នេះលោកគ្រូ អ្នកគ្រូពេទ្យ ត្រូវមានក្រមសីលធម៌ វិជ្ជាជីវះ ក្នុងការជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ។
ទន្ទឹមនឹងនោះ លោកវេជ្ជបណិ្ឌត លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង បានឲ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង មានផ្នែកត្រចៀក ច្រមុះ បំពង់ក ភ្នែក រោគស្រី្ត សើរស្បែក ធ្មេញ ឡាបូ អ៊ិចរ៉េ ហើយចំពោះ សេវា វិញដែលដំណើរការ ច្រើនជាងគឺមានពីរផ្នែក គឺ ទី១-ត្រចៀក ច្រមុះ បំពង់ក និងភ្នែក និងទី២-សេវាសម្ពពរោគស្រី្ត មានការកើនឡើងច្រើន ។ លោក ថ្លែងបន្ដថា «យើងទាំងអស់គ្នា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព គ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណា បំពេញនូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋយើង ឲ្យជៀសផុតពីគ្រោះថ្នាក់ដល់ជីវិត។ជាងនេះទៅទៀត នឹងបំរើសេវាឲ្យបងប្អូនទាំងអស់យ៉ាងល្អប្រសើរ ដែលឈរលើកគោលការណ៍ជួយជីវិតជនរងគ្រោះ»៕