សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកាជាង៣ម៉ឺនដុល្លារ សម្រាប់ខួងអណ្តូងទឹកស្អាត និងធ្វើរបងជុំវិញស្រះទឹក ជូនពលរដ្ឋនៅតាមបណ្ដាខេត្ដ


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ៣៤,៦៣២ដុល្លារ (បីម៉ឺនបួនពាន់ប្រាំមួយរយសាមសិបពីរដុល្លារអាមេរិក) សម្រាប់ខួងអណ្តូងទឹកស្អាតចំនួន ១២បន្ថែមទៀត ជាជំហានទី២ ជូនដល់ប្រជាពលរដ្ឋ ១៧២គ្រួសារ (ស្មើមនុស្ស ៨៣១នាក់) រស់នៅភូមិចំនួន ៥ ឃុំចំនួន ៣ នៃស្រុកកែវសីមា និងស្រុកកោះញែក ខេត្តរតនគិរី។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាចំនួន ២,៧០៣ដុល្លារ (ពីពាន់ប្រាំពីររយបីដុល្លារអាមេរិក) សម្រាប់ជួយដល់គ្រួសារអតីតយុទ្ធជនពិការ ក្នុងការខួងអណ្តូងស្នប់១ និងធ្វើរបងជុំវិញស្រះទឹកទំហំ ១១ម៉ែត x ២១ម៉ែត រស់នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាចំនួន ៣៧,៣៣៥ដុល្លារនេះ សម្រាប់ខួងអណ្តូងទឹកស្អាត និងធ្វើរបងជុំវិញស្រះទឹក ជូនពលរដ្ឋនៅតាមបណ្ដាខេត្ដ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ក្នុងត្រីមាសទី១ គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ១៤៨អណ្តូង គិតជាទឹកប្រាក់ចំនួន ៣២១,៧៨៤ដុល្លារអាមេរិក (បីសែនពីរម៉ឺនមួយពាន់ប្រាំពីររយប៉ែតសិបបួនដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ៣,០៨២គ្រួសារ (ស្មើនឹងមនុស្ស ១២,៤៩៣នាក់) រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្តចំនួន៦ ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។

ក្នុងចំណោមអណ្តូងទាំង ១៤៨អណ្តូងខាងលើកនេះ មានអណ្តូងចំនួន៖ ២៥អណ្តូង សម្រាប់ខេត្តមណ្ឌលគិរី, ១៣អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង, ៣៦អណ្តូង សម្រាប់ខេត្តព្រះវិហារ, ១៥អណ្តូង សម្រាប់ខេត្តកំពង់ស្ពឺ, ១៤អណ្តូង សម្រាប់ខេត្តរតនគិរី, ៤៤អណ្តូង សម្រាប់ខេត្តប៉ៃលិន និង ១អណ្តូង សម្រាប់ខេត្តកំពង់ធំ។

គួររំលឹកដែរថា គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស តាមរយៈការផ្តល់អណ្តូងទឹកស្អាតចំនួន ១,៦៩៥អណ្តូង ព្រមទាំង ស្រះទឹកសហគមន៍ និងស៊ីទែនទឹកជាច្រើនទៀត។ ដោយឡែក ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន ៧៥អណ្តូង សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ចំនួន ២,៨៥៨គ្រួសារ (ស្មើមនុស្ស ១០,៧៦៩នាក់)៕